Thursday, April 18, 2024
Homeព័ត៌មានជាតិជិះម៉ូតូល្មើសច្បាប់ ខឹងប៉ូលិសចាប់ ហូតខ្សែក្រវាត់វ៉ៃ ជាប់ខ្នោះ

ជិះម៉ូតូល្មើសច្បាប់ ខឹងប៉ូលិសចាប់ ហូតខ្សែក្រវាត់វ៉ៃ ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយសារល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងយកខ្សែក្រវាត់ វាយមកលើសមត្ថកិច្ចថែមទៀតផង។

ហេតុការណ៍អំពើហិង្សាមកលើកម្លាំងសមត្ថកិច្ចចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ជនសង្ស័យដែលហូតខ្សែក្រវាត់វាយសមត្ថកិច្ចនោះ មានឈ្មោះប៊ូ សុខមាន មុខរបរកម្មករសំណង់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ បុរសខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ បានបើកបរល្មើសច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាពនៅពេលបើកបរ នៅពេលសមត្ថកិច្ចធ្វើការឃាត់ ដើម្បីធ្វើការណែនាំអប់រំ បែរជា មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ថែមទាំងជេរប្រមាថមើលងាយ និងយកខ្សែក្រវាត់វាយមកលើសមត្ថកិច្ចថែមទៀតផង។

ប្រភពដដែល បន្តថា ដោយឃើញសកម្មភាពប្រើអំពើហិង្សាមកលើសមត្ថកិច្ចដូច្នេះ មន្ត្រីនៅគោលដៅអនុវត្តច្បាប់ ក៏ធ្វើការចាប់ឃាត់ខ្លួន ដើម្បីយកមកធ្វើការសាកសួរនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ដោយផ្តោតសំខាន់ទៅលើចំណុចមួយចំនួនដូចជា ការរារាំងដល់ការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ច ជេរប្រមាថ និងប្រើអំពើហិង្សាវាយមកលើមន្ត្រីអនុវត្តច្បាប់៕

RELATED ARTICLES