Monday, November 25, 2024
Homeព័ត៌មានជាតិឃាត់ខ្លួនជំនួញការឧកញ៉ា ស៊ីដាច់លុយជាង ២០ម៉ឺនដុល្លារ

ឃាត់ខ្លួនជំនួញការឧកញ៉ា ស៊ីដាច់លុយជាង ២០ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនជំនួយការផ្ទាល់ឧកញ៉ាម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទរំលោភលើទំនុកចិត្តនិងឆបោក លើទឹកប្រាក់ប្រមាណជាង ២១ម៉ឺនដុល្លារ ។

ជំនួយការឧកញ៉ានោះ មានឈ្មោះ យឹង សារ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ទាក់ទិនទៅនឹងការឃាត់ខ្លួនជំនួយការឧកញ៉ានេះ ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២១ ដើមបណ្តឹងបានបើកក្រុមហ៊ុនមួយ ដោយតម្រូវឱ្យឈ្មោះយឹង សារ៉ាត់ ដែលជាជំនួយការឧកញ៉ា ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីឱ្យចូលបម្រើការងារ តាមផ្នែក តាមជំនាញដែលក្រុមហ៊ុនត្រូវការ។ បន្ទាប់មក ឈ្មោះ យឹង សារ៉ាត់ បានជ្រើសរើសបុគ្គលិកបានមួយចំនួន ឱ្យចូលធ្វើការងារពិតប្រាកដ និងបើកប្រាក់ខែតាមការកំណត់។

ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានរកឃើញការដឹកនាំនិងការគ្រប់គ្រង ចាត់ចែងលើបុគ្គលិក ដោយមានភាពអនាធិបតេយ្យរបស់ឈ្មោះ យឹង សារ៉ាត់ ធ្វើរបាយការណ៍មិនត្រឹមត្រូវ ភូតកុហកក្រុមហ៊ុន ជាពិសេសមានបុគ្គលិក (ខ្មោច) ដូចជា តៃកុងឡាន ព្រូឡាន ឈ្មោះខ្លះឈប់ ខ្លះមិនចូលធ្វើការ នៅតែបើកប្រាក់ខែពីក្រុមហ៊ុន ដែលក្រុមហ៊ុនត្រូវបានចំណាយប្រាក់រាប់ពាន់ដុល្លារ ក្នុងមួយខែ ឱ្យទៅឈ្មោះយឹង សារ៉ាត់ សម្រាប់បើកប្រាក់ខែឱ្យបុគ្គលិកនោះ។ ទីបំផុត នៅពេលគណនេយ្យក្រុមហ៊ុនបិទបញ្ជីចំណូលចំណាយប្រចាំខែ ដើម្បីរាយការណ៍ជូនឧកញ៉ាម្ចាស់ក្រុមហ៊ុន ទើបដឹងពីការបាត់បង់ថវិកានោះ លុះពេលស្រាវជ្រាវទៅ ក៏ធ្លាក់លើជំនួយការឧកញ៉ា ជាអ្នកកិបកេង និងធ្វើឱ្យបាត់បង់ប្រាក់ តាមរូបភាពជ្រើសរើសបុគ្គលិកខ្មោច ដែលម្ចាស់ក្រុមហ៊ុនទុកចិត្តជំនួយការ មិនបានតាមដានឱ្យដិតដល់។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា ការចោទប្រកាន់ខាងលើនេះ គឺមិនពិតទេ ខ្លួនត្រូវបានឧកញ៉ា ចាត់តាំងឱ្យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន ការជ្រើសរើស និងគ្រប់គ្រងបុគ្គលិក មុនចូលបម្រើការងារ គឺសុទ្ធតែឆ្លងកាត់ការសម្ភាសជាមួយក្រុមប្រឹក្សាភិបាល និងធនធានមនុស្សរបស់ក្រុមហ៊ុន រួចបញ្ជូនទៅឧកញ៉ាថៅកែក្រុមហ៊ុន ពិនិត្យសម្រេច ដើម្បីមានឈ្មោះសម្រាប់បើកប្រាក់ខែ និងមិនធ្វើអ្វីតាមចិត្តទេ ។

យ៉ាងណា សំណុំរឿងខាងលើនេះ កំពុងស្ថិតនៅដំណាក់កាលស្ថាប័នអយ្យការបើកការស៊ើបសួរ ដើម្បីរកបទល្មើស និងចោទប្រកាន់ជាផ្លូវការ មុននឹងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យ៕

RELATED ARTICLES