Tuesday, September 17, 2024
Homeព័ត៌មានជាតិប្តីភ័យប៉ូលិសដេញចាប់ ចងកស្លាប់ចោលប្រពន្ធ

ប្តីភ័យប៉ូលិសដេញចាប់ ចងកស្លាប់ចោលប្រពន្ធ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវក្រុមគ្រួសារអះអាងថា ជាមនុស្សមានបញ្ហាផ្នែកសតិអារម្មណ៍ ចេះតែស្រែករវើរវាយប្រាប់ប្រពន្ធរបស់ខ្លួនថា មានប៉ូលិសច្រើនណាស់ដេញតាមចាប់គាត់ រួចក៏បានរត់ចូលព្រៃបាត់ប៉ុន្មានម៉ោងក៏ត្រឡប់មកវិញ ចងកសម្លាប់ខ្លួននៅជាប់នឹងខ្លោងទ្វារបន្ទប់ទឹក បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ០៥ ផ្លូវលំ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះឌី ឡុត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករ មានប្រពន្ធ និងកូនចំនួន៥នាក់ក្នុងបន្ទុក ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានបញ្ហាផ្នែកសតិអារម្មណ៍ ចេះតែរវើរវាយស្រែកប្រាប់ប្រពន្ធនិងម្តាយថា មានប៉ូលិស ចង់មកចាប់គាត់ រួចក៏រត់ចូលព្រៃបាត់ លុះវេលាខាងលើ ស្រាប់តែកូនស្រីឃើញឪពុកចងកសម្លាប់ខ្លួន ដោយយកខោចងភ្ជាប់ទៅហ្នឹងធ្នឹមទ្វារបន្ទប់ទឹក ស្លាប់បាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា តាមការពិនិត្យវិភាគ កោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES