Monday, November 25, 2024
Homeព័ត៌មានជាតិលោតទឹកសម្លាប់ខ្លួន ខ្លាចស្លាប់ហែលឡើងគោក

លោតទឹកសម្លាប់ខ្លួន ខ្លាចស្លាប់ហែលឡើងគោក

ភ្នំពេញ ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិផ្លូវចិត្តរឿងអ្វីធំធេងដោះស្រាយមិនចេញ ស្រាប់តែបែកគំនិតគិតខ្លី ប៉ុនប៉ងបញ្ចប់ជីវិត ដោយជិះម៉ូតូ ១គ្រឿង ទៅឈប់លើស្ពានជ្រោយចង្វា បន្ទាប់មកក៏ស្ទុះលោតចូលទឹកទាំងកំរោល ដោយគ្មានស្ទើរស្ទាក់អ្វីទាំងអស់ ស្រាប់តែពេល ធ្លាក់ចូលដល់ក្នុងទឹក ឈ្លក់ទឹក ខ្លាចស្លាប់ ក៏ប្រឹងប្រវេប្រវាហែលសំដៅច្រាំងវិញ និងត្រូវបានប្រជានេសាទប្រទះឃើញ ជួយស្រង់ឡើងទូក ដឹកឡើងលើគោក។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វាចាស់) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសដែលប៉ុនប៉ងគិតខ្លីបញ្ចប់ជីវិតខ្លួនឯងនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IJ-3785 បានធ្វើដំណើរជិះឡើងទៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ទិសដៅពីរង្វង់មូលកាំភ្លើងកួចកាណុង ទៅរង្វង់មូលព្រហ្មបាយ័ន។

ប្រភពដដែលបន្តថា លុះទៅដល់លើស្ពាន បុរសរូបនោះក៏បានឈប់ម៉ូតូក្បែរបង្កាន់ដៃស្ពាន រួចក៏តោងឡើងបង្កាន់ដៃស្ពាន លោតទម្លាក់ខ្លួនចូលក្នុងទឹកទន្លេ ទាំងកំរោលបាត់តែម្តង ពោលគឺគ្មានការរារែក ឬស្ទាក់ស្ទើរចិត្តអ្វីទាំងអស់ ដោយបន្សល់ទុកម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ១គ្រឿង ស្បែកជើង ១គូ និងកាបូបលុយ១ នៅខាងលើស្ពាន ជាហេតុធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ឈប់ចោមរោមមើល និងរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ភ្លាមៗដែរ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា រំពេចនោះ ក៏មានប្រជានេសាទដែលកំពុងនៅក្បែរគល់ស្ពាន បានចេញទូកទៅមើលចំណុចដែលបុរសរូបនោះ បានលោតចុះ។ បន្ទាប់មក ក៏ប្រទះឃើញបុរសរូបនោះ កំពុងតែប្រវេប្រវាប្រឹងហែលទឹក ក្នុងគោលបំណងឡើងលើច្រាំងវិញ ទើបប្រជានេសាទ បានធ្វើការជួយស្រង់បុរសរូបនោះមកលើទូក រួចដឹកទៅច្រាំងតែម្តង។

ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងអប់រំណែនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា។ ចំពោះហេតុការណ៍នេះ បុរសរងគ្រោះមិនបានបញ្ជាក់ប្រាប់ពីមូលហេតុដែលបណ្តាលឱ្យរូបគាត់សម្រេចចិត្តប៉ុនប៉ងធ្វើបញ្ចប់ជីវិតខ្លួនឯងយ៉ាងដូច្នេះនោះទេ៕

RELATED ARTICLES