ខេត្តស្វាយរៀង ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងកណ្តាលយប់ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ យ៉ាងណា ក្រោយពីសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ២គ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកអស់ចំនួន ២ឡាន ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតឿ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ចុះដល់កន្លែងកើតហេតុ ធ្វើការពន្លត់ទាន់ពេលវេលា ដោយប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ទើបរលត់ទាំងស្រុង។
ប្រភពបន្តថា ចំពោះសម្ភារ:ដែលខូចខាត រួមមាន ឆេះគ្រឿងបន្លាស់ម៉ាស៊ីនដេរ រថយន្ត១គ្រឿង អស់មួយចំហៀង កម្ទេចក្រណាត់ មួយចំនួន។ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តនៅឡើយ។
សូមបញ្ជាក់ថា ក្នុងករណីអគ្គិភ័យឆេះរោងចក្រវ៉ានជៀហាវ នេះក៏ឃើញមានវត្តមានលោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង ចុះអន្តរាគមន៍បញ្ជាផ្ទាល់ផងដែរ ដោយក្នុងនោះ មានកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងបុស្តិ៍រដ្ឋបាល កម្លាំងប្រជាការពារ កម្លាំងសន្តិសុខ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ បានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ហើយអាចគ្រប់គ្រងបានទាំងស្រុង ដោយមិនបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ និងមិនបណ្តាលឱ្យមានរងរបួសដល់មនុស្សនោះឡើយ៕