Wednesday, November 27, 2024
Homeព័ត៌មានជាតិ៣ព្រួតវ៉ៃ១ស្លាប់ ជាប់ខ្នោះ១

៣ព្រួតវ៉ៃ១ស្លាប់ ជាប់ខ្នោះ១

ខេត្តបាត់ដំបង ៖ បុរស ១ក្រុម មានគ្នា៤នាក់ បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះ​នឹងគ្នា​ពីរឿងជំពាក់លុយលេងបាល់ទះជាមួយគ្នា ជាហេតុធ្វើឱ្យកើតជាអំពើហិង្សា ៣នាក់ព្រួតវាយម្នាក់នឹងកៅអីជ័រ បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ ទីបំផុតសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បានម្នាក់ ខណៈដែលបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីអំពើឃាតកម្ម ព្រួតវាយសម្លាប់មនុស្សយ៉ាងឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ។

ជនសង្ស័យជាឃាតករដែលវាយគូទំនាស់បណ្តាលឱ្យស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវែង វី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ។ ចំណែកបក្ខពួក ២នាក់ទៀតដែលកំពុងរត់គេចខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ដោយឡែកជនរងគ្រោះ មានឈ្មោះណែម ប៊ុនរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថា មានករណីឃាតកម្មមួយ បានកើតឡើងនៅចំណុចភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដែលបង្កឡើងដោយជនសង្ស័យ ចំនួន៣នាក់ បានយកកៅអីជ័រ វាយទៅលើជនរងគ្រោះឈ្មោះណែម ប៊ុនរិទ្ធ ចំក្បាល​និងក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងបានស្លាប់ ក្រោយពេលបញ្ជូនយកទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំធិបតី។

របាយការណ៍ដដែល បន្តថា ក្រោយពេលកើតហេតុភ្លាម អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះវែង វី នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវែង វី បានឆ្លើយសារភាពថា មូលហេតុដែលឈានដល់ការប្រព្រឹត្តបែបនេះ គឺដោយសារផឹកស៊ីស្រវឹង និងកើតមានទំនាស់ពាក្យសម្តីគ្នាព្រោះជំពាក់ប្រាក់ពេលលេងបាល់ទះជាមួយគ្នា។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោស៕

RELATED ARTICLES