ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ បានខ្ចីលុយពីបុរស ២នាក់ យកទៅលេងល្បែង លុះចាញ់អស់គ្មានលុយសងគេវិញ ក៏ត្រូវម្ចាស់បំណុលទាំង២នាក់ ចាប់បង្ខាំងទុកនៅក្នុងផ្ទះសំណាក់ ១កន្លែង ដើម្បីគំរាមទារលុយ ទីបំផុតជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍រំដោះស្ត្រី រងគ្រោះបានដោយសុវត្ថិភាព និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជនសង្ស័យទាំង ២នាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុច ផ្ទះសំណាក់ឋានសួគ៌ ដែលមានទីតាំងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
យោងតាមសមត្ថកិច្ចក្រុងបាវិត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះង្វៀង ថាញ់ជុង អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិម៉ាសា ឃុំដៃពឿង ស្រុកមីឌឿក ក្រុងហាណូយ ប្រទេសវៀតណាម និងទី២-ឈ្មោះ ង្វៀង បាវឡុង ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរុង ឃុំថាន់ឌឹក ស្រុកកូយូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ចំណែកជនរងគ្រោះ មានឈ្មោះវ៉ាត់ ធីគីថាំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ មាននៅភូមិជុងម៉ូក ឃុំភូមី ស្រុកភូមិតាំង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
ប្រភពដដែល បានបញ្ជាក់ថា មូលហេតុនៃការចាប់ជនរងគ្រោះបង្ខាំងទុកនេះ គឺដោយសារតែជនរងគ្រោះ បានខ្ចីលុយជនសង្ស័យ ចំនួន ២០០លានដុង យកទៅលេងល្បែងចាញ់អស់ មិនមានលុយសង។
ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕