Friday, April 19, 2024
Homeព័ត៌មានជាតិកាប់ប្រពន្ធស្លាប់ ដុតសព អារកសម្លាប់ខ្លួន

កាប់ប្រពន្ធស្លាប់ ដុតសព អារកសម្លាប់ខ្លួន

ខេត្តតាកែវ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារនិងអ្នកជិតខាងថា គឺជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន លុះក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ផ្ទុះភ្លើងប្រចណ្ឌប្រពន្ធរបស់ខ្លួន រហូតឈានដល់ការកាប់សម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សៃ ដោយបុរសជាប្តី បានធ្វើ សកម្មភាពកាប់ប្រពន្ធរបស់ខ្លួន ចំនួន២ពូថៅ ចំបពង់ក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចដុតសពប្រពន្ធចោលនៅលើផ្ទះ បន្ទាប់មក បានយកពូថៅមកអារកខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមថែមម្នាក់ទៀត។

ករណីឃាតកម្ម ប្តីកាប់ប្រពន្ធស្លាប់ ដុតសពចោល រួចអារកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនដៃដល់ជាប្តីដែលសម្លាប់ប្រពន្ធ រួចដុតសពចោល បន្ទាប់មកបានអារកសម្លាប់ខ្លួនតាមក្រោយនេះ មានឈ្មោះញឺង ណុប ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ។

តាមប្រភពពីសាច់ញាតិ និងអ្នកជិតខាង បានបង្ហើបប្រាប់ថា កន្លងមក ជនសង្ស័យជាប្តី ធ្លាប់បានប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងចេះតែបង្ករឿងឈ្លោះប្រកែក អុកឡុកក្រុមគ្រួសារមិនឈប់ ពិសេសឱ្យតែប្រើប្រាស់ថ្នាំញៀនរួចម្តងៗ តែងរករឿងប្រចណ្ឌប្រពន្ធជាញឹកញាប់។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យទើបនឹងប្រើប្រាស់ថ្នាំញៀនរួច ក៏ចាប់ផ្តើមរករឿងឈ្លោះជាមួយប្រពន្ធរបស់ខ្លួននៅលើផ្ទះ រហូតឈានដល់ការទាញពូថៅ កាប់ប្រហារស្ត្រីជាប្រពន្ធ បណ្តាលឱ្យស្លាប់ បន្ទាប់មកក៏ដុតសពចោលនៅលើផ្ទះ រួចស្ទុះរត់ចុះដី និងបានយកពូថៅមកអារកខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ស្ទុះទៅមើល និងពន្លត់ភ្លើងទាន់ពេល ពុំនោះទេ ផ្ទះទាំងមូលច្បាស់ជាក្លាយជាចំណីភ្លើងគ្មានសល់ឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យទីតាំងកើតហេតុ និងបានបញ្ជាក់ថា សាកសពស្ត្រីរងគ្រោះជាប្រពន្ធ មានស្លាកស្នាមកាប់នឹងពូថៅ ចំបំពង់ក ចំនួន២កន្លែង និងមានស្លាកស្នាមឆេះខ្លោច (ត្រូវប្តីដុត) ចំណែកផ្ទះនិងសម្ភារ:នៅក្នុងផ្ទះរបស់ជនរងគ្រោះ ក៏ត្រូវភ្លើងឆេះដោយអន្លើផងដែរ។ ដោយឡែក សពបុរសជាប្តី មានស្លាកស្នាមត្រង់បំពង់កផងដែរ (អារកខ្លួនឯង)។

តាមការពិនិត្យ និងការបំភ្លឺពីសាក្សី សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាត្រូវប្តីកាប់សម្លាប់និងដុតសពប្រាកដមែន បន្ទាប់មក ជនដៃដល់ជាប្តី ក៏បានធ្វើអត្តឃាត ដោយយកពូថៅអារកសម្លាប់ខ្លួនឯងតាមក្រោយ។

សាកសពប្តីប្រពន្ធទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីខាងលើនេះ បន្ទាប់ពីទទួលបានព័ត៌មានករណីឃាតកម្មខាងលើ សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ក៏បាននាំយកអំណោយមកផ្តល់ជូនក្រុមគ្រួសារសព ដែលក្នុងនោះរួមមាន អង្ករ ២៥គីឡូក្រាម តង់ធំ១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ សម្ភារៈផ្ទះបាយ ១យួរ និងថវិកា ចំនួន៥០ម៉ឺនរៀល។ ដោយឡែក លោកអ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ក៏បានឧបត្ថម្ភអង្ករ ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង ២យួរ និងទឹកត្រី ១យួរ ផងដែរ៕

RELATED ARTICLES