Monday, November 25, 2024
Homeព័ត៌មានជាតិអភិបាលស្រុកបន្ទាយស្រី ជំរុញលើកទឹកចិត្ត សិប្បកម្មចន្ទីបន្ទាយស្រី

អភិបាលស្រុកបន្ទាយស្រី ជំរុញលើកទឹកចិត្ត សិប្បកម្មចន្ទីបន្ទាយស្រី

ខេត្តសៀមរាប ៖ អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់​ បានជំរុញលើកទឹកចិត្តសិប្បកម្មភូមិចន្ទីបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅភូមិភូមិប្រិយ ស្រុកបន្ទាយស្រី តាមបណ្តោយផ្លូវលេខ ៦៧ ហួសភូមិព្រះដាក់ ប្រហែល ៥គីឡូម៉ែត។ លោកអភិបាលស្រុក ចង់ជំរុញឲ្យកសិផលមួយប្រភេទនេះ ទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រី ដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុក និងមានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោត នោះទេ។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២២ ថា «សិប្បកម្មភូមិចន្ទីបន្ទាយស្រី ៖ ទីបំផុត អ្នកបន្ទាយស្រី អាចផលិតគ្រាប់ស្វាយចន្ទី សម្រាប់ហូបភ្លាមៗបានដោយខ្លួនឯងហើយ! ធានាថាថ្មីៗស្រស់ៗ ខ្ទិះឈ្ងុយខុសប្លែកពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ!

អ្នកណាក៏ដឹងដែរថា ស្រុកបន្ទាយស្រី សម្បូរទៅដោយដំណាំស្វាយចន្ទី ជាច្រើនកន្លែង ប៉ុន្តែកន្លងមក អ្នកភូមិ បានត្រឹមតែប្រឡេះយកគ្រាប់ឆៅ ទៅលក់ឱ្យឈ្មួញកណ្តាល ឬបកដោយដៃយកទៅលីងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។ ចំណុចទាំងនេះ គឺជារឿងគួរឱ្យសោកស្តាយ ព្រោះកសិករ តែងតែលក់បានក្នុងតម្លៃទាប និងមិនទទួលបានតម្លៃបន្ថែមច្រើនពីមុខរបរនេះប៉ុន្មានទេ ប៉ុន្តែខ្ញុំជឿជាក់ថា អ្វីៗនឹងចាប់ផ្តើមមានការផ្លាស់ប្តូរ បន្ទាប់ពីមានវត្តមានសិប្បកម្មភូមិចន្ទីមួយនេះ។ ពិតមែនតែទើបរៀបចំបានក្នុងខ្នាតតូច និងមិនទាន់អាចដល់កម្រិតស្តង់ដារ ដើម្បីបង្អួតបង្ហាញអ្នកទេសចរបាននៅឡើយ ប៉ុន្តែនេះគឺជាគំនិតផ្តួចផ្តើមមួយដ៏ប្រសើរ ដែលគួរតែទទួលបាននូវការលើកទឹកចិត្ត និងការជំរុញផ្សព្វផ្សាយបន្ថែម»។

លោកឃឹម ហ្វីណង់ សរសេរបន្តថា «គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិដែលមានទីផ្សារធំទូលាយ និងសម្បូរបែបខ្លាំងណាស់ ជាពិសេសសម្រាប់អ្នកទេសចរអន្តរជាតិតែម្តង។ គេអាចយកវាទៅឆឹងជាមួយស្ករត្នោត ស្រោបជាមួយសូកូឡា ធ្វើជានំបង្អែមបានយ៉ាងច្រើនមុខ លីងនឹងអំបិលម្ទេស ឬហូបលេងផ្ទាល់ក៏បាន ហើយគេក៏អាចលក់វាជាប្រអប់ៗ ច្រកវេចខ្ចប់តាមស្តង់ដារត្រឹមត្រូវ ឬលក់រាយជាកំប៉ុងៗក៏ម្យ៉ាង។ វត្ថុធាតុដើមមាននៅជិតដៃរួចជាស្រេចហើយ នៅឡើយតែការចេះយកមកបំប្លែងកែច្នៃបន្ថែមតម្លៃ និងប្រែក្លាយឱ្យទៅជាមុខរបរទេ ទោះក្នុងទម្រង់សិប្បកម្មតូចៗក៏បាន ឬចងគ្នាជាសហគមន៍ក៏បាន ធ្វើយ៉ាងណាឱ្យតែទទួលបាននូវប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព។

ខ្ញុំតែងតែសង្ឃឹមថា បងប្អូនអ្នកភូមិ កាន់តែច្រើន នឹងចូលរួមរុញច្រានកសិផលមួយប្រភេទនេះឱ្យទៅជាអត្តសញ្ញាណថ្មីមួយទៀតរបស់ស្រុកបន្ទាយស្រី ដែលនឹងអាចនាំមកនូវចំណូលបន្ថែមដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើនភាពទាក់ទាញដល់វិស័យទេសចរណ៍នៅក្នុងស្រុក។ ជឿជាក់ថា ផលិតផលមួយនេះ មានសក្តានុពលមិនចាញ់ផលិតផលស្ករត្នោត នោះទេ»៕

RELATED ARTICLES