Monday, November 25, 2024
Homeព័ត៌មានជាតិជាងដែកខ្សែភ្លើងឆក់ ធ្លាក់បាក់កស្លាប់

ជាងដែកខ្សែភ្លើងឆក់ ធ្លាក់បាក់កស្លាប់

ខេត្តសៀមរាប ៖ បុរសជាជាងផ្សារដែកម្នាក់ បានឡើងលើរន្ទា ដើម្បីផ្សារទ្វារដែក ឱ្យគេ ស្រាប់តែអកុសល ពេលលើកដែកឡើងទៅផ្សារ ក៏ប៉ះនឹងខ្សែកាបភ្លើង ធ្វើឱ្យឆ្លងចរន្តឆក់ធ្លាក់ពីលើរន្ទា បណ្តាលឱ្យបាក់កស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខស្តង់លក់គ្រឿងសំណង់មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំអម្ពិល ស្រុកប្រាសាទបាគង។

បុរសរងគ្រោះ មានឈ្មោះតាប់ មី អាយុ៣២ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។

តាមការបំភ្លឺពីឈ្មោះជា ជេន ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ត្រូវជាប្អូនថ្លៃសព បានរៀបរាប់ប្រាប់ថា  មុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ រូបគេ និងឈ្មោះសួ កុសល ភេទប្រុស ព្រមទាំង បងថ្លៃឈ្មោះតាប់ មី (ជនរងគ្រោះ) បាននាំគ្នាទៅស៊ីឈ្នួលផ្សារដែក ធ្វើទ្វារឱ្យឈ្មោះយ៉ន យិន ភេទប្រុស នៅត្រង់ចំណុចភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា នៅពេលធ្វើការនោះ រូបគេនិងជនរងគ្រោះ បានឡើងទៅលើរន្ទាដែកទាំង២នាក់ ដែលមានកម្ពស់ ២,៥ម៉ែត្រ ចំណែកឈ្មោះសួ កុសល នៅកាត់ដែកហុចពីក្រោម។ រហូតដល់វេលាម៉ោង ១០ជាងព្រឹក ពេលនោះជនរងគ្រោះ បានទាញដែកពីក្រោមឡើងមកលើដើម្បីយកមកផ្សារ ស្រាប់តែដែកបានប៉ះទៅនឹងខ្សែកាបភ្លើង ធ្វើឱ្យឆក់ជនរងគ្រោះធ្លាក់ពីលើរន្ទា មកដី បាក់កស្លាប់តែម្តង ទើបកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នៅផ្នែកក្បាល មានស្នាមបែកដាច់រលាត់ ០,៥សង់ទីម៉ែត្រ ផ្នែកថ្ពាល់ខាងស្តាំ និងពុកចង្កា មានស្នាមដាច់រលាត់ ០,២សង់ទីម៉ែត្រ ផ្នែកកដៃឆ្វេង និងកដៃស្តាំ មានស្នាមខ្លោចដាច់រលាត់ ០,៤សង់ទីម៉ែត្រ ក្រៅពីនោះ គ្រប់អវយវ:ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។

តាមសន្និដ្ឋាន ផ្អែកតាមការបំភ្លឺពីសាក្សី និងកាពិនិត្យរបស់កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារខ្សែភ្លើងឆក់ធ្លាក់ពីលើរន្ទា បណ្តាលឱ្យបាក់កស្លាប់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES