ភ្នំពេញ ៖ ហាងកោសជប់ម៉ាស្សាមួយកន្លែង ដែលបានលួចលាក់បើកបម្រើសេវាស្រួល (សេវាផ្លូវភេទ) ត្រូវបានកម្លាំងនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាបដោយឃាត់ខ្លួនថៅកែ២នាក់ប្តីប្រពន្ធ និងនាំខ្លួនស្ត្រីម៉ាស្សា ចំនួន៣នាក់ទៅសាកសួរ ក្នុងនោះដែរមានអនីតិជនម្នាក់។
ប្រតិបត្តិការបង្ក្រាបផ្ទះម៉ាស្សាបង្កប់សេវាស្រួលខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទីយប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះកោសជប់ម៉ាស្សា យីហោ៦៦៦ ស្ថិតនៅផ្ទះលេខ 07A ផ្លូវជាតិលេខ៥ ក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ប្រតិបត្តិការចុះបង្ក្រាបករណីខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមសហការណ៍ពីការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាល រាជធានីភ្នំពេញ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។
ថៅកែហាង២នាក់ប្តីប្រពន្ធ ដែលត្រូវឃាត់ខ្លួន រួមមាន បុរសជាប្តី មានឈ្មោះចូច ជឿន អាយុ២៩ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះហន សុភានី អាយុ៤១ឆ្នាំ។ ទាំង២នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ផ្ទះខាងលើបានបើកដំណើរការកោសជប់ និងម៉ាស្សា ហើយលួចបម្រើសេវាផ្លូវភេទ លុះក្រោយពី កម្លាំងនគរបាលជំនាញស្រាវជ្រាវដឹង ក៏បានសុំគោលការពីព្រះរាជអាជ្ញាចុះឆែកឆេរ បង្ក្រាបតែម្តង ។
ប្រភពដដែលបន្តថា ហាងម៉ាស្សាមួយនេះ មានបន្ទប់ចំនួន៤ និងត្រូវកម្លាំងសមត្ថកិច្ចចម្រុះឆែកឆេរ រកឃើញវត្ថុតាង មានស្រោម អនាម័យ ប្រើរួច និងមិនទាន់ប្រើជាច្រើន។
បន្ទាប់ពីបញ្ចប់ការឆែកឆេរ សមត្ថកិច្ចបានឃាត់ខ្លួន ថៅកែហាង២នាក់ប្តីប្រពន្ធ និងនាំខ្លួន ស្ត្រីកោសជប់បម្រើសេវាកម្មផ្លូវភេទចំនួន ៣នាក់ (ម្នាក់ជាអនីតិជន) និងដកហូតវត្ថុតាងមួយចំនួន បញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់។ ដោយឡែក ផ្ទះខាងលើត្រូវបានគណៈកម្មការចម្រុះបិទបណ្តោះអាសន្ន។/