ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា ធ្លាប់ជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ តាំពីឆ្នាំ២០០០ មកម៉្លេះ និងបានប៉ះពាល់ខួរក្បាល រហូតក្លាយទៅជាជំងឺសរសៃប្រាសាទ លុះនៅសុខៗ សុំម្តាយទៅភ្នំពេញ តែម្តាយចាស់ជរាឆ្លើយថា “ទៅម៉េចកើត បើម៉ែមិនដែលស្គាល់ភ្នំពេញផង” ស្រាប់តែកូនស្រីខឹងសម្បា ក្រោកឡើងទៅសម្ងំលើផ្ទះ រួចចងក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។
ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះញឹប ខន ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានជំងឺសរសៃប្រសាទ ប្រចាំកាយ សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។
តាមការបំភ្លឺពីស្ត្រីចំណាស់ ឈ្មោះជ័យ សៀក អាយុ៦៦ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (ជនរងគ្រោះ) បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ តាំងពីអំឡុងឆ្នាំ២០០០ មកម៉្លេះ ហើយកាលពីមានគ្រោះថ្នាក់នោះ គឺបានប៉ះពាល់ក្បាលរបស់ នាងយ៉ាងខ្លាំង ហើយចាប់តាំងពីពេលនោះមក កូនស្រីគាត់ក៏ចាប់ផ្តើមកើតមានជំងឺសរសៃប្រសាទ រហូតដល់សព្វថ្ងៃ និងត្រូវបានគាត់ជាម្តាយ តែងជូនទៅព្យាបាលនៅមន្ទីរពេទ្យ ជាញឹកញាប់ និងត្រូវគ្រូពេទ្យបានឱ្យនាងលេបថ្នាំសរសៃប្រសាទ ជាប់ជាប្រចាំ។
ស្ត្រីជាម្តាយ បន្តថា លុះមកដល់វេលាម៉ោងប្រមាណ ១១ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្រោយហូបបាយរួច គាត់អង្គុយលេងលើគ្រែក្រោមផ្ទះ ចំណែកកូនស្រីដេកលើអង្រឹងក្បែរគ្នា ពេលនោះកូនស្រី បាននិយាយប្រាប់គាត់ថា “ម៉ែជូនខ្ញុំទៅភ្នំពេញ ថៅកែហៅខ្ញុំទៅ” បែបនេះ គាត់ក៏ឆ្លើយតបទៅកូនស្រីវិញថា “ទៅយ៉ាងម៉េចកូន បើម៉ែមិនដែលស្គាល់ផង ណាមួយម៉ែឈឺឡើងឈាម ខ្លាចតាមផ្លូវ” លុះគាត់និយាយចប់ កូនស្រីក៏ខឹងសម្បា ក្រោកចេញពីអង្រឹង ដើរឡើងលើផ្ទះបាត់ទៅ។ ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយនៅដេកលេងលើគ្រែបន្តទៀត រហូតម៉ោងប្រហែល ២រសៀល ទើបឡើងលើផ្ទះ ស្រាប់តែឃើញទ្វារជាប់គន្លឹះពីក្នុង ពេលនោះ គាត់បានស្រែកហៅកូនស្រីឱ្យបើកទ្វារ តែមិនឮសំឡេងកូនស្រីឆ្លើយតបសោះ ហើយកាត់ក៏មិនចាប់អារម្មណ៍អ្វីទៀតដែរ ដោយចុះមកដីវិញ រហូតដល់ម៉ោងប្រហែល ៥ល្ងាច ថ្ងៃដដែល ក្រោយពីដាក់ដាំបាយរួច គាត់ក៏ឡើងទៅហៅកូនស្រីម្តងទៀត តែមិនឮឆ្លើយនិងបើកទ្វារដដែល។
ស្ត្រីជាម្តាយ បានបញ្ជាក់ថា បន្ទាប់មកទៀត នៅវេលាម៉ោងប្រហែល ៦ព្រលប់ កូនប្រុសគាត់ឈ្មោះញឹប សុខន បានត្រឡប់មកពីចម្ការវិញ ទើបគាត់ប្រើឱ្យទៅហៅបងស្រីរបស់គេ (ជនរងគ្រោះ) នៅលើផ្ទះ ពេលឡើងទៅគោះទ្វារហៅមិនឆ្លើយ ក៏បានយកជើងធាក់ទ្វារ ៤ទៅ ៥ជើងខ្លាំងៗ នៅតែមិនរបូតគន្លឹះ ទើបផ្អើលឆោឡោ នាំគ្នាយកឈើក្រាក់ មកបុករនាបផ្ទះរបើកដែកគោល ហើបក្តារនាប ២សន្លឹក ហើយនាំគ្នា ឡើងទៅមើល ស្រាប់តែឃើញកូនស្រីចងកស្លាប់បាត់ទៅហើយ មិនដឹងស្លាប់តាំងពីពេលណា ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យមណ្ឌលសុខភាពសាលាវិស័យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យដល់ទីកន្លែងកើតហេតុ និងសព រួចបញ្ជាក់ថា តាមការពិនិត្យផ្នែកក្បាលសព មានស្នាមទ្រុឌរលាកស្បែកក ផ្នែកខាងមុខ និងមានទិសដៅបញ្ឆិតទៅលើកផ្នែកខាងក្រោយ ជាស្នាមខ្សែចំណង។ ចំណែកលើដងខ្លួន ពុំមានស្លាកស្នាមគួរឱ្យកត់សម្គាល់ឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ដោយប្រើក្រមាពណ៌ខៀវឆ្នូតស តជាប់គ្នាជាមួយក្រមាពណ៌ក្រហមឆ្នូតស ចងជាប់និងឃ្នៀបផ្ទះ កម្ពស់៤ម៉ែត្រ ពីរនាបផ្ទះ។
សពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
អ៊ុងសំអាត