Wednesday, November 27, 2024
Homeព័ត៌មានជាតិឡានដឹកដីចុះពីលើភ្នំក្រឡាប់ ស្លាប់តៃកុង

ឡានដឹកដីចុះពីលើភ្នំក្រឡាប់ ស្លាប់តៃកុង

ខេត្តឧត្តរមានជ័យ ៖ រថយន្តបែនដឹកដី ១គ្រឿង បើកបរក្នុងល្បឿនលឿន ចុះពីលើភ្នំជាំស្រងាំ ធ្វើឱ្យរេចង្កូត​ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកដីនោះ មានឈ្មោះយាន សុជាតិ  ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្តដឹកដី មានលំនៅ ភូមិបន្ទាយចាស់ ឃុំស្លរក្រាម ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដី ១គ្រឿង ម៉ាក FUSO ពណ៌ផ្ទៃមេឃលាយស ពាក់ស្លាកលេខ តាកែវ 3A-2669 បានបើកចុះពីលើភ្នំ ក្នុងល្បឿនយ៉ាងលឿន សង្ស័យដាច់ហ្វ្រាំង បណ្តាលឱ្យរេចង្កូតបុកបង្កាន់ដៃរនាំងថ្ម ក្រឡាប់ធ្លាក់ចុះក្រោមជាច្រើនត្រឡប់ បណ្តាលឱ្យអ្នកបើកបរស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្ត រងការខូតខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ករណីនេះ មូលហេតុ សង្ស័យមកពីរថយន្តដាច់ហ្វ្រាំង ខណៈដែលបើកបរក្នុងល្បឿនលឿន ស្រពពេលដែលស្ថានភាពផ្លូវចុះចំណោត ពីលើភ្នំផង ទើបបណ្តាលឱ្យរេចង្កូតក្រឡាប់បែបនេះ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រណី៕

ប៊ុនថេត

RELATED ARTICLES