ខេត្តរតនគិរី ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងនោះ បានចុះប្រតិបត្តិការបង្ក្រាប ជនសង្ស័យ ប្រុសស្រីចំនួន៥នាក់ ពាក់ព័ន្ធករណី ចែកចាយ ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុងចំនួន១០នាក់ ប្រើប្រាស់មធ្យោបាយរថយន្ត១គ្រឿង និងម៉ូតូ៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុង បានចុះបង្ក្រាបជាក់ស្តែងករណីចែកចាយ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិត នៅក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
យោងតាមរបាយការណ៍ពីកងរាជអាវុធហត្ថក្រុងបានលុង បានឱ្យដឹងថា ជនសង្ស័យចំនួន៥នាក់ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអឿន មនោរម្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី២-ឈ្មោះឡិច សេងហ៊ុយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី៣-ឈ្មោះតឹង ទឹម ហៅធំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង។ ទី៤-ឈ្មោះហេង សៀវត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្នភូមិជ័យជម្នះ សង្កាត់បឹងកន្សែង ក្រុងបានលុង។ និងទី៥-ឈ្មោះប៉ែន ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅបច្ចុប្បន្ន ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
របាយការណ៍ដដែលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ (ធំ១ តូច១)ទម្ងន់ ៥៤,៤៥ក្រាម ទូរស័ព្ទដៃចំនួន៤គ្រឿង ម៉ូតូ១គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក ប័ណ្ណបើកបរ១សន្លឹក កាតវីង១សន្លឹក និងប្រាក់រៀលចំនួន៥០០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាម នីតិវិធី។/