Saturday, April 27, 2024
Homeព័ត៌មានជាតិម៉ូតូរ៉ឺម៉ក បុកឡានធំ ស្លាប់១ របួសធ្ងន់១

ម៉ូតូរ៉ឺម៉ក បុកឡានធំ ស្លាប់១ របួសធ្ងន់១

ខេត្តស្ទឹងត្រែង ៖ យុវជន ២នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿង បត់ឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តធុនធំ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើករឺម៉កម៉ូតូ ស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មានឈ្មោះយឹម សង្ហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរ មានលំនៅបច្ចុប្បន្ន ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ចំណែកអ្នករួមដំណើរដែលរងរបួសធ្ងន់ មានឈ្មោះចាន់ សុភី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរ មានលំនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនទាំង២នាក់ ខាងលើ បើកបរ និងរួមដំណើតតាមម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ពណ៌ខៀវ គ្មានពាក់ស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្លងផ្លូវ សំដៅទៅទិសខាងកើត ស្របពេលនោះ ក៏មានរថយន្តធុនធំ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-1198 បើកបរពីទិសខាងត្បូង ទៅទិសខាងជើង (បញ្ច្រាសទិសគ្នា) បណ្តាលឱ្យបុកគ្នាយ៉ាងពេញទំហឹង និងបង្កឱ្យអ្នកបើករ៉ឺម៉កម៉ូតូ ស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើររងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ រីឯអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកវត្ថុតាង មានម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តធុនធំ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES