Saturday, April 20, 2024
Homeព័ត៌មានជាតិប្តីដេញកាប់ប្រពន្ធមិនបាន ប្រមូលខោអាវដុតខ្ទេច

ប្តីដេញកាប់ប្រពន្ធមិនបាន ប្រមូលខោអាវដុតខ្ទេច

ខេត្តស្វាយរៀង ៖ បុរសជាប្តីម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏បង្ករឿងឈ្លោះជាមួយប្រពន្ធ លុះខឹងប្រពន្ធតមាត់ ស្រាប់តែទាញកាំបិតដេញកាប់ប្រពន្ធនិងកូនស្រី ទាំងកំរោល ធ្វើឱ្យប្រពន្ធកូនភ័យស្លន់ស្លោ នាំគ្នារត់គេចទាំងព្រលឹងចុងសក់ លុះក្តៅចិត្តរឿងដេញកាប់ប្រពន្ធកូនអត់បាន បុរសជាប្តីកំណាច ក៏ប្រមូលខោអាវមកដុតចោល បណ្តាលឱ្យឆេះខ្ទេចអស់គ្មានសល់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីដេញកាប់ប្រពន្ធកូនអត់បាន ដុតបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក។

ជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡុក សុខ អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះព្រាប វណ្ណា អាយុ៥៤ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារនេះ មានលំនៅក្នុងភូមិត្រពាំងរំដេញ ឃុំអង្គប្រសែ ស្រុករមាសហែក។ ចំពោះសម្ភារៈខូចខាត រួមមាន ទូក្រណាត់ដាក់ខោអាវ ចំនួន១ រួមនិងសម្លៀកបំពាក់ក្នុងទូ ទាំងស្រុង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានតាមទូរស័ព្ទ ពីស្ត្រីរងគ្រោះជាប្រពន្ធ ដោយបានរាយការណ៍មកថា ប្តីរបស់គាត់ បានប្រើអំពើហិង្សាកាន់កាំបិត និងដំបងដេញកាប់រូបគាត់ជាប្រពន្ធ និងកូនស្រី។ មិនតែប៉ុណ្ណោះ ក៏បានដុតបំផ្លាញចោលទ្រព្យសម្បត្តិ ទូក្រណាត់ដាក់ខោអាវ ឆេះអស់គ្មានសល់ទៀតផង។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចបានចុះធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានជួយបាញ់ ទឹកពន្លត់ភ្លើងដែលកំពុងតែឆេះទូខោអាវនោះ រួចបានឃាត់ខ្លួនជនសង្ស័យ នាំមកប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សា កាន់កាំបិតនិងដំបងដេញវាយនិងកាប់ប្រពន្ធកូនប្រាកដមែន មូលហេតុដោយសារខឹងរឿងប្រពន្ធតមាត់ លុះពេលដេញកាប់ប្រពន្ធកូនអត់បាន ខ្លួនក៏បានដុតបំផ្លាញទ្រព្យសម្បត្តិ (ទូសម្រាប់ដាក់ខោអាវ) បណ្តាលឱ្យឆេះអស់តែម្តង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានសុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីឃាត់ខ្លួនជនសង្ស័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES