ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធមួយគូ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែបុរសជាប្តីឆេះឆួលកំហឹង ស្ទុះទាញកាំបិត កាប់ចិញ្ច្រាំប្រពន្ធ ត្រង់ផ្ទៃមុខ និងដងខ្លួន ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតភ្លាមៗ ចំណែកជនដៃដល់ជាប្តី ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីកាប់ចិញ្ច្រាំប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៩ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។
ជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតាំង គឹមប៉ាវ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសឿត ចត្ថា អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន សមត្ថកិច្ចស្រុកឯកភ្នំ បានបញ្ជូនខ្លួនជនសង្ស័យឈ្មោះតាំង គឹមប៉ាវ មកកាន់ការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ក្នុងករណីហិង្សាដោយចេតនា មានអាវុធទៅលើប្រពន្ធរបស់ខ្លួន។
ប្រភពដដែល បន្តថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងលំនៅរបស់ជនរងគ្រោះ ស្ថិតនៅក្រុមទី៩ ភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ បុរសជាប្តី ឈ្មោះតាំង គឹមប៉ាវ បានប្រើប្រាស់កាំបិត ប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីជាប្រពន្ធ ឈ្មោះសឿត ចត្ថា បណ្តាលឱ្យរងរបួសជាច្រើនកន្លែង និងត្រូវបានអ្នកជិតខាងនាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ និងទទួលបានព័ត៌មាននេះ សមត្ថកិច្ចលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះតាំងគឹមប៉ាវ ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាប្តីខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ប្រហារទៅលើប្រពន្ធ ប្រាកដមែន មូលហេតុដោយសារកើតមានជម្លោះពាក្យសម្តីនឹងគ្នា ជាហេតុធ្វើឱ្យខ្លួនទ្រាំមិនបាន ក៏ស្ទុះទាញកាំបិតកាប់ប្រហារប្រពន្ធតែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕