Monday, November 25, 2024
Homeព័ត៌មានជាតិដោះអំពើម៉ែ ទារទ្រនឹបព្រហ្មចារីកូនក្រមុំ លោកសង្ឃរំលោភស្រីពោះធំ២ដង

ដោះអំពើម៉ែ ទារទ្រនឹបព្រហ្មចារីកូនក្រមុំ លោកសង្ឃរំលោភស្រីពោះធំ២ដង

ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ ១អង្គ ដែលតាំងខ្លួនជាអ្នកចេះព្យាបាលជំងឺ ត្រូវបាននារីវ័យក្មេងម្នាក់ប្តឹងចោទប្រកាន់ថា បានសម្លុតគំរាម រំលោភសេពសន្ថវ:លើរូបនាង រហូតបានសម្រេច ខណៈដែលនាងបានទៅដេកកំដរម្តាយឈឺនៅក្នុងវត្ត ដោយបានឱ្យនាងបូជាព្រហ្មចារី ជាទ្រនឹបដើម្បីដោះអំពើ ជួយជីវិតម្តាយ រួចរំលោភនាងជាបន្តបន្ទាប់នៅក្នុងវត្ត រហូតនាងមានផ្ទៃពោះលោកទី១ ត្រូវសង្ឃអង្គនេះ ឱ្យនាងលេបថ្នាំរលូតកូន។ បន្ទាប់មក ព្រះសង្ឃទ្រុស្តសីលនេះ បន្តឱ្យបម្រើផ្លូវភេទ (រួមភេទ) រហូតមានផ្ទៃពោះជាលើកទី២ ក៏បែកការ បែរជាមិនទទួលកំហុស និងមិនទទួលខុសត្រូវ។

នារីដែលអះអាងថា ខ្លួនជាជនរងគ្រោះត្រូវលោកសង្ឃរំលោភរហូតមានផ្ទៃពោះនោះ មានអាយុ២២ឆ្នាំ និងមានលំនៅក្នុងស្រុកគងពិសី។ ចំណែកព្រះសង្ឃដែលទទួលរងការប្តឹងចោទ ប្រកាន់ មានព្រះនាម សៀវ បុត្រាថានុន សព្វថ្ងៃគង់នៅវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី មានកិច្ចជួបជុំមួយ ក្រោមអធិបតីភាពព្រះឧត្តមមុនីវង្សា សូ ចាន់ អនុគណស្រុកគងពិសី ព្រមទាំងមន្ត្រីសង្ឃ តាមឋានានុក្រម រួមទាំងអាជ្ញាធរ បានជួបជុំនៅសាលាធម្មសភា ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនារីម្នាក់ ប្តឹងព្រះសង្ឃព្រះនាម សៀវ បុត្រាថានុន ថាបានរំលោភនាងរហូតដល់មានផ្ទៃពោះ ដោយមានការការសួរដេញដោលចំពោះមុខគូភាគីទៀតផង។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ថា កាលពីខែឧសភា ឆ្នាំ២០២១ ពេលដែលឪពុកនាង នាំម្តាយដែលមានជំងឺ ទៅវត្តខាងលើ ជួបជាមួយព្រះសង្ឃ សៀវ បុត្រាថានុន ឱ្យជួយពិនិត្យមើល ពេលនោះ បុគ្គលសង្ឃនេះ បានប្រាប់ថា ម្តាយរបស់នាងត្រូវអំពើគេ ទាល់តែស្នាក់នៅព្យាបាលក្នុងវត្ត ទើបជា។ ចាប់តាំងពីពេលនោះមក នាងក៏ស្នាក់នៅកំដរម្តាយ ដើម្បីព្យាបាលជំងឺ ស្រាប់តែថ្ងៃមួយ អំឡុងខែឧសភា ឆ្នាំ២០២១ ព្រះសង្ឃ សៀវ បុត្រាថានុន បានហៅនាងទៅជួប ហើយនិយាយថា ទាល់តែនាងបូជាខ្លួនប្រាណឲ្យព្រះអង្គ ជាទ្រនឹប ទើបគាត់ដោះអំពើឱ្យម្តាយនាង។ បន្ទាប់មកច្រើនថ្ងៃ បុគ្គលសង្ឃនេះ បានហៅនាងឱ្យទៅជួប នៅព្រះវិហារ និងបានធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច បើទោះជានាងខំរើបម្រះយ៉ាងណា ក៏មិនអាចផុតពីក្រញាំដៃរបស់បុគ្គលសង្ឃទ្រុស្តសីលនេះដែរ។

នារីរងគ្រោះ បន្តថា ក្រោយពីប្រព្រឹត្តមកលើរូបនាងហើយ ជននេះ បាននិយាយគំរាមនាង មិនឱ្យនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយ នឹងសម្លាប់នាងចោល ហើយមិនដោះអំពើឱ្យម្តាយនាងទៀត។ ដោយខ្លាចការគំរាមរបស់បុគ្គលនេះ ព្រមទាំងចង់ឱ្យម្តាយបានជាសះស្បើយផងនោះ នាងសុខចិត្តខាំមាត់សង្កត់ចិត្ត បៀមទុក្ខតែម្នាក់ឯង មិនហ៊ាននិយាយរឿងនេះ ប្រាប់ដល់អ្នកណាឡើយ សូម្បីតែម្តាយរបស់នាង។ ក្រោយមកទៀត មិនថាពេលថ្ងៃ ឬពេលយប់នោះទេ ជននេះ តែងតែហៅនាងឱ្យទៅបម្រើតណ្ហារបស់គេ (រួមភេទ) គ្រប់ទីកន្លែង នៅក្នុងបរិវេណវត្ត។ នៅពេលដែលនាងសួរថា តើនៅពេលណា ដោះជំងឺរបស់ម្តាយនាងជា?  បុគ្គលរូបនេះ តែងតែគំរាមថា កុំបាច់ចង់ដឹងអី សំងំឱ្យតែស្ងៀមទៅ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា រំលងបាន ១ខែ នាងបានប្រាប់បុគ្គលសង្ឃ សៀវ បុត្រាថានុន ថា នាងមានផ្ទៃពោះ មួយខែហើយ ពេលនោះបុគ្គលនេះ បានទិញថ្នាំឱ្យនាងលេប ដោយប្រាប់ថា ជាថ្នាំសុខភាព ពេលដែលនាងលេបហើយ ស្រាប់តែមានអាការធ្លាក់ឈាមទាំងដុំៗ ទើបនាងដឹងថា ថ្នាំដែលបុគ្គលសង្ឃនេះឲ្យនាងលេច ជាថ្នាំរំលូតកូន។ ពេលនោះ នាងនៅមិនទាន់ហ៊ានប្រាប់ម្តាយនោះទេ តែក្នុងចិត្ត ចង់ប្តឹងបុគ្គលរូបនេះ ឱ្យច្បាប់ចាត់ការ។ នៅពេលដែលដឹងថា នាងចង់ប្តឹង បុគ្គលសង្ឃ សៀវ បុត្រាថានុន គំរាមនាងថា បើនាងហ៊ានប្តឹង ឬយករឿងនេះ ទៅប្រាប់អ្នកណា គេមិនទុកជីវិតឱ្យនាងឡើយ ហើយក៏មិនដោះអំពើឱ្យម្តាយនាងដែរ។ ដោយសារតែខ្លាចការគំរាមរបស់បុគ្គលនេះ និងចង់ឱ្យម្តាយបានជាសះស្បើយ រស់រានមានជីវិត នាងក៏ខាំមាត់សង្កត់ចិត្តបន្តទៀត។

នារីរងគ្រោះ បានបញ្ជាក់ថា ចាប់តាំងពីពេលនោះ រហូតឥឡូវនេះ ពេលនាងស្ងៀមស្ងាត់បុគ្គលរូបនេះ តែងតែហៅនាងទៅបម្រើតណ្ហារបស់គេនៅក្នុងបរិវេណវត្ត ជារឿយៗ ដែលរហូតមកដល់ពេលនេះ នាងមានផ្ទៃពោះ សាជាថ្មីម្តងទៀត រយៈពេល ៤ខែហើយ។ លើកក្រោយនេះ បុគ្គលនេះ បានសន្យាឱ្យលុយនាង ចំនួនមួយម៉ឺនដុល្លារ ដើម្បីទុកចិញ្ចឹមកូន និងកុំយករឿងនេះទៅប្រាប់អ្នកណា តែការសន្យារបស់បុគ្គលនេះ បានត្រឹមតែសន្យាខ្យល់ ហើយមិនអនុវត្តនោះទេ។ ហេតុដូច្នេះហើយ ទើបនាងសម្រេចដាក់ពាក្យបណ្តឹង សូមឱ្យច្បាប់ចាត់វិធានការចំពោះបុគ្គលសង្ឃនេះ ហើយនាងសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធផ្សេងៗ ជាពិសេសអង្គការជួយស្ត្រីមានវិបត្តិ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សូមជួយដល់រូបនាងផង ព្រោះនាងមិនមានលទ្ធភាពនិងខ្នងបង្អែក ដូចបុគ្គលសង្ឃសង្ស័យ សៀវ បុត្រាថានុន នេះទេ។

ដោយឡែកប្រភពពីអាជ្ញាធរឃុំ បានបញ្ជាក់ថា កន្លងមក បុគ្គលសង្ឃ សៀវ បុត្រាថានុន នេះ ធ្លាប់បានប្រព្រឹត្តអំពើអនាចារជាមួយស្ត្រីភេទ ជាច្រើនដងមកហើយ ដូចជា នៅវត្តព្រះពុទ្ធនិព្វាន វត្តព្រៃកន្ទោច តែក៏ធ្វើការសម្របសម្រួលជាមួយភាគីខាងស្រីរួចរាល់ហើយ។ ប៉ុន្តែក៏ត្រូវបានចៅអធិការវត្តទាំងនោះ បណ្តេញចេញ មិនអនុញ្ញាតឱ្យស្នាក់នៅក្នុងវត្តរបស់លោកនោះទេ។ ចុងក្រោយនេះ សង្ឃទ្រុស្តសីលនេះ ក៏មកប្រព្រឹតអំពើមិនគប្បីបែបនេះ នៅក្នុងវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី នេះបន្តទៀត។

ករណីនេះ មន្ត្រីសង្ឃ បានប្រាប់ឱ្យបុគ្គលសង្ឃ សៀវ បុត្រាថានុន ចាកចេញពីវត្តនេះ ហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ច ដោយសន្តិវិធី។ ប៉ុន្តែ បុគ្គលសង្ឃនេះ បានបដិសេធ មិនព្រមចាកចេញ ថែមទាំងនិយាយថា បើចង់ឱ្យរូបគេទទួលខុសត្រូវ ទាល់តែរង់ចាំឱ្យកូនកើតសិន និងឱ្យធ្វើការពិនិត្យ DNA បើជាកូនរបស់គេមែន គេនឹងទទួលខុសត្រូវ។

ចំណែកលោកអាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលដឹងរឿងនេះ បានសម្តែងនូវការមិនពេញចិត្តចំពោះបុគ្គលសង្ឃ សៀវ បុត្រាថានុន នេះឡើយ និងសំណូមពរឱ្យចាកចេញពីវត្ត ដោយខ្លួនឯង។ បើមិនដូច្នោះទេ ប្រជាពុទ្ធបរិស័ទ នឹងធ្វើបាតុកម្មបណ្តេញចេញ មិនឱ្យនៅវត្តនេះទៀតឡើយ។ សូម្បីតែលោកគ្រូចៅអធិការ លោកគ្រូសូត្រស្តាំ លោកគ្រូសូត្រឆ្វេង ក៏បានប្រាប់ឱ្យបុគ្គលសង្ឃរូបនេះ ចាកចេញពីវត្តដែរ។ ប៉ុន្តែបុគ្គលសង្ឃនេះ មានះរឹងរូស មិនព្រមចាកចេញទៅណាឡើយ ដោយអាងខ្នងបង្អែក ធ្វើការនៅរាជធានីភ្នំពេញ ចាំជួយពីក្រោយ។

ជុំវិញករណីខាងលើនេះ លោកសរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពេលនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេត កំណត់បទល្មើស ដើម្បីឈានទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES