Friday, April 26, 2024
Homeព័ត៌មានជាតិអ្នកលេងកាំបិតផ្គាក់៣នាក់ ស្ទាក់កាប់១ ប៊ិះស្លាប់

អ្នកលេងកាំបិតផ្គាក់៣នាក់ ស្ទាក់កាប់១ ប៊ិះស្លាប់

ខេត្តក្រចេះ ៖ ជនសង្ស័យ ១ក្រុម មានគ្នា ៣នាក់ ប្រដាប់ដោយកាំបិតផ្គាក់ ២ដើម បានធ្វើសកម្មភាពស្ទាក់ផ្លូវកាប់យុវជនម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ស្ទើរស្លាប់ស្ទើររស់ រួចក៏ព្យាយាមរត់គេចខ្លួន អស់រយៈពេល ៥ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានចំនួន២នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិសាស្ត្រឃុំស្នួល ស្រុកស្នួល។ រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបាន ចំនួន ២នាក់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះថន សុខហ៊ាង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះឆន ម៉ាន់នី ហៅតូនី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាក។ ជនសង្ស័យទាំងពីរនាក់ មានលំនៅក្នុងឃុំស្នួល ស្រុកស្នួល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯកចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក ចុះស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ ពាក់ព័ន្ឋនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតផ្គាក់ បណ្តាលឱ្យយុវជនម្នាក់រងរបួសប៊ិះស្លាប់)។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនរងគ្រោះ បានមកពួនស្ទាក់ចាំវាយពួកគេ ទើបពួកគេបានមកយកកាំបិតផ្គាក់ ចំនួន២ដើម និងបានកាប់ទៅលើជនរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតែម្នាក់ឯង ដោយកាប់ត្រូវចំក្បាលផ្នែកខាងក្រោយ។ ក្រោយធ្វើសកម្មភាពរួច ពួកគេទាំង៣នាក់ បានគេចខ្លួន តែមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ពួកគេទាំង២នាក់ ត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួនបានតែម្តង ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី។ ដោយឡែកបក្ខពួកម្នាក់ទៀត ដែលកំពុងគេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បីនាំយកមកចាត់ការតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES