Friday, March 29, 2024
Homeព័ត៌មានជាតិចេញពីស៊ីផឹក ប្តីបើកឡានធ្លាក់ទឹក ស្លាប់ប្រពន្ធ

ចេញពីស៊ីផឹក ប្តីបើកឡានធ្លាក់ទឹក ស្លាប់ប្រពន្ធ

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ទើបនឹងចេញពីជប់លៀងជុំមិត្តភក្តិនៅខារ៉ាអូខេមួយកន្លែង រួចបុរសជាប្តី បានបើករថយន្តត្រឡប់មកផ្ទះវិញ ក្នុងល្បឿនយ៉ាងលឿន អកុសលដោយបុរសជាប្តីងងុយដេកផង ក៏ងោក ១ភាំង ធ្វើឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវ ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ បណ្តាលឱ្យស្ត្រីជាប្រពន្ធ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ចំណែកបុរសជាប្តី សំណាងល្អ ត្រូវបានជួយសង្គ្រោះទាន់ពេល។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវហ្គ្រែនភ្នំពេញ ឬក៏ហៅផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ មានឈ្មោះកង ភក្តី អាយុ៤១ឆ្នាំ មានលំនៅ ផ្ទះលេខ E2 ផ្លូវ E ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកបុរសជាប្តី មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីសន្តិសុខម្នាក់ បានរៀបរាប់ប្រាប់ថា ដំបូងគាត់ឃើញរថយន្តរ៉ូកូលឡា ពណ៌ស្ករ ពាក់ស្លាកលេខ បាត់ដំបង 2A-2068 បើកតាមបណ្តោយផ្លូវហ្គ្រែនភ្នំពេញ ឬក៏ហៅផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីជើង មកត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្តាំដៃ ធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយក៏ឃើញបុរសដែលជាប្តី ប្រវេប្រវាចេញមកខាងក្រៅ ខណៈពេលនោះកម្លាំង សន្តិសុខដែលយាមនៅទីនោះ បានជួយចាប់ទាញដៃគាត់ចេញ ឱ្យរួចផុតជីវិត នៅតែប្រពន្ធរបស់គាត់ ជាប់នៅក្នុងរថយន្ត លិចបាត់ឈឹង រយៈពេលប្រហែលមួយម៉ោងជាង ទើបបានប្រជាពលរដ្ឋនាំគ្នាមុជចាប់ចងរថយន្តទាញឡើង អណ្តែតមកលើ ហើយក៏ចាប់ទាញស្ត្រីដែលត្រូវជាប្រពន្ធចេញពីរថយន្ត យកមកលើគោក តែអកុសល ស្ត្រីរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

តាមសម្តីបុរសជាប្តី បានឱ្យដឹងថា មុនកើតហេតុ ពួកគាត់បានចេញពីផឹកស៊ីក្នុងខេធីវី មួយកន្លែង ហើយក៏ជិះតាមបណ្តោយផ្លូវខាងលើ គោលដៅត្រឡប់ទៅផ្ទះ តែមកដល់ចំណុចកើតហេតុខាងលើ គាត់ងងុយដេក ក៏ងោកមួយភាំង ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ឱ្យរថយន្តស្ទូចយករថយន្តចេញពីក្នុងទឹក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រួមទាំងកាបូបលុយរបស់ជនរងគ្រោះ ដែលនៅក្នុងនោះ មានលុយចំនួន ៩៧០ដុល្លារ លុយខ្មែរ ៤២ម៉ឺនរៀល ខ្សែក ២ខ្សែ ចិញ្ចៀន ២វង់ បន្តោងខ្សែក ២ និងទូរស័ព្ទដៃ ១គ្រឿង បានរក្សាទុកជូនជនរងគ្រោះនៅពេលក្រោយ។

ដោយឡែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យបុរសជាប្តី ដឹកយកទៅតម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES