Monday, November 25, 2024
Homeព័ត៌មានជាតិប្តីស្លាប់ ប្រពន្ធចំអាសទឹកសព រស់វិញ

ប្តីស្លាប់ ប្រពន្ធចំអាសទឹកសព រស់វិញ

ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ កំពុងកាត់ដែកលើដំបូលផ្ទះ ស្រាប់តែធ្លាក់ពីលើដំបូលផ្ទះ កម្ពស់៧ម៉ែត្រកន្លះ ចំសសរផ្ទះដែលនៅខាងក្រោម បណ្តាលឱ្យបាក់ចង្កា បែកក្បាល និងបាក់ចង្កេះ រងរបួសធ្ងន់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យឯរាជធានីភ្នំពេញ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ស្លាប់បាត់ទៅហើយ ទើបក្រុមគ្រួសារបានដឹកសពត្រឡប់មកផ្ទះ ដើម្បីរៀបចំធ្វើបុណ្យ តែពេលប្រពន្ធកំពុងរៀបចំពិធីចំអាសទឹកសព ស្រាប់តែសពបានកម្រើកដៃ ចាប់ដៃប្រពន្ធជាប់ ធ្វើឱ្យកើតមានការផ្អើលឆោឡោពេញរោងបុណ្យ លុះពិនិត្យមើល ដឹងថាប្តីនៅមានដង្ហើម ស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារ ក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យវិញ។

ហេតុការណ៍មនុស្សស្លាប់ហើយរស់វិញនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ចំណុច ភូមិបន្ទាយចាស់  ឃុំត្នោតជុំ  ស្រុកបារាយណ៍ ។

បុរសដែលស្លាប់ហើយរស់វិញនោះ មានឈ្មោះឃុត ឡា ភេទប្រុស អាយុជាង៣០ឆ្នាំ  មុខរបរជាងដែក មានប្រពន្ធនិងកូន ចំនួន៣នាក់ក្នុងបន្ទុក។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ  ជនរងគ្រោះបានចេញដំណើរទៅសង់ដំបូលសំយាបផ្ទះឱ្យគេ នៅចំណុចភូមិបន្ទាយចាស់ លុះពេលកំពុងតែកាត់ដែកនៅលើដំបូល ស្រាប់តែភ្លាត់ស្នៀត ធ្លាក់ពីលើដំបូលកម្ពស់ ៧ម៉ែត្រកន្លះ ចំសសរផ្ទះដែលនៅខាងក្រោម បណ្តាលឱ្យបាក់ចង្កា បែកក្បាល និងបាក់ចង្កេះ រងរបួសយ៉ាងធ្ងន់ និងត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកបារាយណ៍-សន្ទុក ប៉ុន្តែដោយស្ថានភាពធ្ងន់ពេក ទើបខាងមន្ទីពេទ្យ តម្រូវឱ្យសាច់ញាតិបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីពេទ្យ ឯរាជធានីភ្នំពេញ។

ប្រភពដដែល បន្តថា លុះក្រោយពីដឹកជនរងគ្រោះដល់មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ខាងគ្រូពេទ្យ បានរុញចូលទៅបន្ទប់សង្គ្រោះបន្ទាន់ លុះប៉ុន្មានម៉ោងក្រោយមក ក្រុមគ្រូពេទ្យបានប្រាប់សាច់ញាតិថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ឮបែបនេះ សាច់ញាតិបានត្រឹមទួញយំសោក និងទូរស័ព្ទមកបងប្អូននៅឯផ្ទះ រៀបចំរោង មីក្រូ ដើម្បីធ្វើបុណ្យសពឱ្យជនរងគ្រោះ។ លុះពេលដឹកសពជនរងគ្រោះមកដល់ផ្ទះវិញ ក៏រៀបចំពិធីលាងចំអាសសព រួចទុករយៈពេលជាងមួយម៉ោង ស្រាប់តែសពជនរងគ្រោះ បានលាដៃចាប់ដៃប្រពន្ធជាប់ បណ្តាលឱ្យផ្អើលឆោឡោពេញរោងបុណ្យ។ បន្ទាប់មក ជនរងគ្រោះ ចាប់ផ្តើមកម្រើកដៃជើង លុះពិនិត្យមើល ឃើញថានៅមានដង្ហើម ទើបសា់ចញាតិបងប្អូន ប្រញាប់ដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅពេទ្យឯកជនមួយកន្លែង នៅខេត្តកំពង់ធំ ពេលទៅដល់ គ្រូពេទ្យពិនិត្យសព្វគ្រប់ រួចបានប្រាប់ថា ជនរងគ្រោះនៅមិនទាន់ស្លាប់ទេ ក៏បញ្ជូនជនរងគ្រោះយកសង្គ្រោះនៅមន្ទីពេទ្យកាលម៉ែត ឯរាជធានីភ្នំពេញ ដើម្បីធ្វើការវះកាត់ និងសង្គ្រោះបន្ត។ ចំណែករោងបុណ្យ ក៏រុះវិញ ធ្វើឱ្យអ្នកស្រុកភូមិ មានការភ្ញាក់ផ្អើល លាន់មាត់គ្រប់គ្នាថា មនុស្សស្លាប់ហើយ រស់វិញ។

យោងតាមប្រភពព័ត៌មានចុងក្រោយពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ថា ពេលនេះ ជនរងគ្រោះ មានសង្ឃឹមប្រមាណសាមសិបភាគរយហើយ ប៉ុន្តែយ៉ាងណា ក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ និងតាមដានបន្ត៕

អ៊ុង សំអាត

RELATED ARTICLES