ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការរួមគ្នាបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (ចាក់ប្លន់រថយន្តមិនបានសម្រេច) កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសង្កាត់៤ ក្រុងព្រះសីហនុ ដោយឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ។
លោកជាវ វិបុល បញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាផ្ទាល់ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនចំនួន៣នាក់ កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់គ្មានស្លាកយីហោ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅចំណុចមុខផ្ទះអ៊ីនធឺរណេត សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពួកគេធ្លាប់ធ្វើសកម្មភាព កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងជំនាញសហការបង្ក្រាបបាន រួមមាន ៖ ទី១-ឈ្មោះសួន សារ៉ាត ភេទប្រុស អាយុ៤៣ឆ្នាំ។ ទី២- ឈ្មោះស្រូយ ស្រស់ ភេទប្រុស អាយុ៤១ឆ្នាំ។ និងទី៣-ឈ្មោះយ៉ែម លីហួរ ភេទប្រុស អាយុ៣១ឆ្នាំ។ ជនសង្ស័យទាំង៣ សុទ្ធសឹងតែជាមុខ សញ្ញាធ្លាប់ជាប់ពន្ធនាគារដូចគ្នា លុះក្រោយពីត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក៏ប្រមូលគ្នាធ្វើសកម្មភាពប្លន់តែម្តង ប៉ុន្តែមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ បញ្ជូនចូលដេកគុកវិញ។
បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យទាំង ៣នាក់ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ មានករណីចាក់ប្លន់តៃកុងតាក់ស៊ីម្នាក់ បានកើតឡើង នៅត្រង់ចំណុចក្បែរតារាងបាល់ជេក ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយជនសង្ស័យចំនួន ៣នាក់ បានប្រើល្បិចជួលរថយន្តតាក់ស៊ី ១គ្រឿង ជិះចេញពីរាជធានីភ្នំពេញ គោលដៅទៅខេត្តព្រះសីហនុ លុះដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់ក្រៀក ចាក់តៃកុងរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ បំណងប្លន់ទ្រព្យសម្បត្តិនិងរថយន្ត តែយកបានត្រឹមតែទូរស័ព្ទជនរងគ្រោះ ២គ្រឿងប៉ុណ្ណោះ ចំណែករថយន្ត យកមិនបាន ដោយសារជនរងគ្រោះរើបម្រះរួច ស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួក ២នាក់ទៀត រត់គេចបាត់។
បុរសរងគ្រោះដែលត្រូវក្រុមជនសង្ស័យចាក់ប្លន់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះឆៀ សុភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង។
តាមប្រភពពីជនរងគ្រោះដែលជាម្ចាស់រថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានភ្ញៀវដែលក្រុមជនសង្ស័យចំនួន ៣នាក់ ភេទប្រុស ជាជនជាតិខ្មែរ បានម៉ៅរថយន្តគាត់ ចេញពីផ្សារថ្មី រាជធានីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ក្នុងតម្លៃ ៧០ដុល្លារ។ លុះមកដល់ក្រុងព្រះសីហនុ ភ្ញៀវដែលជាជនសង្ស័យទាំង៣នាក់ខាងលើ ក៏បានឱ្យគាត់ឈប់រថយន្តសិន ដោយប្រាប់ថា ចាំគ្នាមកយក ខណៈពេលដែលកន្លែងឈប់នោះផ្លូវតូច និងយប់ស្ងាត់ផង ពួកគេទាំងបីនាក់ ក៏បានធ្វើសកម្មភាពចាប់ក្រៀកកគាត់ជាម្ចាស់រថយន្ត និងយកកាំបិតចាក់ បណ្តាលឱ្យរងរបួស ប្លន់យកទូរស័ព្ទពីគាត់ បានចំនួន ២គ្រឿង ប៉ុន្តែប្លន់យករថយន្តមិនបានសម្រេចទេ ដោយសារតែរូបគាត់បានរើបម្រះរួច រត់ចេញមកក្រៅស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចេញមកជួយអន្តរាគមន៍។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ ហើយជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពរត់ចែករត់ជើងគ្នា ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមចាប់បានម្នាក់ភ្លាមៗ នាំយកទៅសាកសួរ និងឈានដល់ការតាមចាប់ខ្លួនបក្ខពួក ២នាក់ទៀត បានជាបន្តបន្ទាប់ នាំយកមកចាត់ការបន្តតាមនីតិវិធី៕