Monday, November 25, 2024
Homeព័ត៌មានជាតិប្រពន្ធជូនទៅពេទ្យ ប្តីលោតទឹក ៥ថ្ងៃអណ្តែត

ប្រពន្ធជូនទៅពេទ្យ ប្តីលោតទឹក ៥ថ្ងៃអណ្តែត

ខេត្តស្ទឹងត្រែង ៖ សាកសពបុរសម្នាក់ដែលបានលោតទឹកសម្លាប់ខ្លួន ក្រោយពីប្រពន្ធជូនទៅមន្ទីរពេទ្យ ពិនិត្យជំងឺ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានប្រទះឃើញអណ្តែតតាមទឹកទន្លេមេគង្គ នៅស្រុកសៀមបូក កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

បុរសដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានមេគង្គនោះ មានឈ្មោះគន់ អាយុ៣៧ឆ្នាំ មុខរបរលក់ត្រីនៅផ្សារសាមគ្គី មានលំនៅក្បែរខារ៉ាអូខេវិមានមាស ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

គួររំលឹកថា កាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង នៅត្រង់ចំណុចស្ពានមេគង្គ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដោយប្តីប្រពន្ធ២នាក់ បានជិះម៉ូតូដឹកគ្នាទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យជំងឺបុរសជាប្តី លុះទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ប្តីមានជំងឺក្រួសតម្រងនោម ត្រូវការថ្លៃព្យាបាលប្រមាណ ៨០ម៉ឺនរៀល ស្រាប់តែចេញពីពេទ្យមកវិញ បុរសជាប្តី បានដឹកប្រពន្ធទៅឈប់នៅលើស្ពាន រួចចុះឈរលេងមួយសន្ទុះ បុរសជាប្តី ក៏ស្ទុះលោតទឹក លិចបាត់ឈឹងតែម្តង។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងបានកើតមានអាការមិនស្រួលខ្លួន មួយរយៈមកហើយ ប៉ុន្តែមិនដឹងថាឈឺអ្វីឱ្យប្រាកដនោះទេ។ លុះមកដល់ថ្ងៃកើតហេតុ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នាងក៏បបួលប្តីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យជំងឺឱ្យបានច្បាស់ថា តើមានជំងឺអ្វី ងាយស្រួលព្យាបាលឱ្យចំមុខជំងឺ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះក្រោយមក ប្តីនាងក៏បានបើកម៉ូតូដឹកនាងទៅកាន់មន្ទីរពេទ្យ លុះទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា ប្តីរបស់នាងមានជំងឺក្រួសតម្រងនោម បើព្យាបាល នឹងត្រូវចំណាយប្រាក់អស់ប្រហែល ៨០ម៉ឺនរៀល។ ឮបែបនេះ ប្តីរបស់នាងក៏មិនមាត់កអ្វីដែរ ហើយក៏មិនទាន់សម្រេចថាយ៉ាងណាដែរ គ្រាន់តែប្រាប់ពេទ្យថា សុំដកឃ្លាគិត និងរកលុយសិន។

ស្ត្រីជាប្រពន្ធ បានបញ្ជាក់ថា បន្ទាប់មក ពួកនាងក៏នាំគ្នាចេញពីមន្ទីរពេទ្យ មកវិញ ហើយប្តីក៏បានជិះម៉ូតូដឹកនាង មកឈប់លេងនៅលើស្ពានមេគង្គ។ ស្រាប់តែមួយសន្ទុះ ប្តីនាងក៏បានស្ទុះលោតពីលើស្ពាន ចូលទៅក្នុងទឹកទន្លេមេគង្គ លិចបាត់ភ្លាមៗតែម្តង ធ្វើឱ្យនាងភ័យឆោឡោ ស្រែកហៅគេឯងឱ្យជួយដែរ តែមិនឃើញប្តីរបស់នាងសោះ។

ក្រោយកើតហេតុ ប្រជាការពារនៅសង្កាត់ព្រះបាទ បានចេញទូកទៅស្វែងរកដែរ ប៉ុន្តែរកពុំឃើញសោះឡើយ រហូតមកទល់នឹងរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ទើបមានគេប្រទះឃើញសពបុរសលោតពីលើស្ពានមេគង្គ កាលពីប៉ុន្មានថ្ងៃមុន អណ្តែតតាមទឹកទន្លេមេគង្គ នៅ ភូមិសាស្ត្រស្រុកសៀមបូក ខាងព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES