Monday, November 25, 2024
Homeព័ត៌មានជាតិប្រពន្ធមេភូមិ ដោតឌុយដាំបាយ ឆក់ស្លាប់

ប្រពន្ធមេភូមិ ដោតឌុយដាំបាយ ឆក់ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ ជាប្រពន្ធរបស់លោកតាមេភូមិ បានលាងអង្ករដាំបាយ រួចក៏ដាក់ចូលទៅក្នុងឆ្នាំងបាយអគ្គិសនី បន្ទាប់មក កាន់ឌុយយកទៅដោតចូលព្រីភ្លើង ទាំងដៃកំពុងសើម បណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់ភ្លាមៗមួយរំពេច។

ករណីគ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក។

ស្ត្រីរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះថាត់ ហួច អាយុ៥៦ឆ្នាំ មុខរបរមេផ្ទះ មានលំនៅភូមិបុស្បូវ ឃុំភ្នំដី ស្រុកភ្នំស្រុក និងត្រូវជាប្រពន្ធលោកមេភូមិបុស្បូវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានរៀបចំលាងអង្ករដើម្បីដាំបាយ រួចក៏យកទៅដាក់ចូលក្នុងឆ្នាំងដាំបាយអគ្គិសនី បន្ទាប់មកក៏កាន់ឌុយភ្លើងឆ្នាំងបាយ ទៅដោតចូលព្រីភ្លើង ទាំងដៃរបស់ខ្លួននៅសើម មិនទាន់ស្ងួតនៅឡើយ ជាហេតុធ្វើឱ្យឆ្លងចរន្ត ឆក់ដួលផ្ងារក្រោយ បោកក្បាលទៅនឹងកៅអីថ្ម ស្លាប់ភ្លាមនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ធ្វើឱ្យផ្អើលឆោឡោដល់ក្រុមគ្រួសារនិងអ្នកជិតខាង ស្ទុះទៅជួយដែរ តែអកុសល យឺតពេលទៅហើយ បានត្រឹមរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យប៉ុណ្ណោះ។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដី និងនគរបាលផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំភ្នំដី លុះពិនិត្យ និងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES