ភ្នំពេញ ៖ លោកសំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ទៅប្រធានមន្ទីរឃុំឃាំង (ម១) ព្រៃស ឱ្យនាំខ្លួនជនជាប់ចោទឈ្មោះ ឡេង ប៊ុនស៊្រី ភេទប្រុស អាយុ៥៧ឆ្នាំ អតីតផ្កាយ៣យោធា មកសាកសួរបន្ថែម លើ សំណុំរឿងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនល្មើស។
គួរបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអតីតផ្កាយ៣យោធា ឈ្មោះឡេង ប៊ុនស៊្រី ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់ទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធបទល្មើសចំនួន ៥ករណី ដែលសុទ្ធសឹងជាបទល្មើសព្រហ្មទណ្ឌ (បទឧក្រិដ្ឋ) រួមមាន ៖ ១-ប្រើអំពើហិង្សាលើគ្រួសារ (វាយប្រពន្ធ) ២-រំលោភសេពសន្ថវៈកូនចុង ៣-បង្ខាំងមនុស្សខុសច្បាប់ ៤-គំរាមកំហែងថានឹងសម្លាប់ និង ៥-កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។
ការដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនសង្ស័យនេះ គឺបន្ទាប់ពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការ ទៅលើបទល្មើសទាំង៥ខាងលើ ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនជនសង្ស័យឈ្មោះ ឡេង ប៊ុនស៊្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសជាច្រើនករណី រួមមាន ហិង្សាក្នុងគ្រួសារ បង្ខាំងមនុស្សដោយចេតនាទុច្ចរិតក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត រំលោភសេពសន្ថវៈលើកូនស្រីចុង និងបទគំរាមកំហែងថានឹងសម្លាប់ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
ដោយជាប់ពាក់ព័ន្ធបទល្មើសទាំងអស់ខាងលើនោះហើយ បានជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ចាប់ពីពេលនោះមក ទើបសំណុំរឿងនេះត្រូវបានលោកចៅក្រមស៊ើបសួរ បន្តបើកការស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយ មុនបើកសវនាការជំនុំជម្រះទោសលើអង្គសេចក្តី ។ ក្រោយពេលលោកចៅក្រមសាកសួរចប់ ជនសង្ស័យត្រូវបានអនុរក្សពន្ធនាគារ នាំយកទៅឃុំខ្លួនបណ្តោះអាសន្នវិញ៕