Tuesday, November 26, 2024
Homeព័ត៌មានជាតិខឹងម៉ែជេរស្តី កូនស្រីលោតទឹកសម្លាប់ខ្លួន

ខឹងម៉ែជេរស្តី កូនស្រីលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ យុវតីម្នាក់ តូចចិត្តរឿងម្តាយជេរស្តីបន្ទោស និងមានរឿងលាក់ទុកក្នុងចិត្តជាច្រើនទៀតរាប់មិនអស់ ធ្វើឱ្យសុញគំនិត គិតអ្វីមិនចេញ ក៏សម្រេចចិត្តគិតខ្លី លោតទឹកសម្លាប់ខ្លួន ដោយទុកពាក្យបណ្តាំផ្តាំលានិងសុំទោសម្តាយរបស់ខ្លួនទៀតផង ប៉ុន្តែសំណាងល្អ ត្រូវបានប្រជានេសាទប្រទះឃើញ ចេញទូកជួយសង្គ្រោះទាន់ពេល។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង១៨នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យុវតីដែលលោតទឹកសម្លាប់ខ្លួននោះ មិនត្រូវស្គាល់បានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា នាងមានអាយុ២៣ឆ្នាំ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញយុវតីខាងលើ ឈរយំតែម្នាក់ ឯងនៅលើស្ពានជ្រោយចង្វាចាស់ រួចបានលោតទឹកប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯង តែសំណាងល្អ ត្រូវបានប្រជាពលរដ្ឋខ្មែរ-អ៊ីស្លាម ចេញទូកជួយសង្គ្រោះទាន់ពេលវេលា ដោយគ្រាន់តែរបួសស្រាលតែប៉ុណ្ណោះ ។

ពលរដ្ឋ បន្តទៀតថា នៅលើស្ពាននោះ គេក៏បានឃើញមានលិខិតបណ្តាំមួយសន្លឹក ដែលបានសរសេរផ្តាំផ្ញើទៅអ្នកម្តាយ ដែលមានខ្លឹមសារថា “ខ្ញុំល្ងង់ណាស់ដែលយកផ្លូវហ្នឹង តែវាស័ក្តិសមនឹងខ្ញុំហើយ… ម៉ាក់លែងបានជេរខ្ញុំទៀតហើយ” និងមានស្បែកជើងមួយគូ នៅលើស្ពាននោះផងដែរ។

គួរបញ្ជាក់ថា ករណីខាងលើនេះ គឺជាការប៉ុនប៉ងលោតទឹកលើកទី៣ ហើយ សម្រាប់យុវតីរូបនោះ ដែលកាលពីអំឡុងខែមិថុនា យុវតីខាងលើនេះ ក៏ធ្លាប់មកលើស្ពាន ប៉ុនប៉ងលោតទឹកចំនួន ២ដងរួចទៅហើយ តែត្រូវបានជួយសង្គ្រោះទាន់វេលា។

ដោយឡែកយុវតីខាងលើ មិនបាននិយាយអ្វីទាំងអស់ ដោយគ្រាន់តែប្រាប់ខ្លីៗថា “នាងជាមនុស្សមិនបានការ ធ្វើអ្វីក៏មិនបានសម្រេច” ចំណែករឿងអ្វីផ្សេងទៀត គឺនាងមិនព្រមនិយាយឡើយ។

ក្រោយពេលកើតហេតុ យុវតីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋខ្មែរ-អ៊ីស្លាម ជួយសង្គ្រោះយកមកប្រគល់ឱ្យសមត្ថកិច្ចប្រចាំការនៅក្រោមស្ពានជ្រោយចង្វា រួចទាក់ទងហៅសាច់ញាតិមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES