Wednesday, November 27, 2024
Homeព័ត៌មានជាតិខ្មាន់កាំភ្លើងបាញ់សម្លាប់អង្គរក្សឧកញ៉ា សមត្ថកិច្ចបញ្ជូន​ទៅតុលាការ

ខ្មាន់កាំភ្លើងបាញ់សម្លាប់អង្គរក្សឧកញ៉ា សមត្ថកិច្ចបញ្ជូន​ទៅតុលាការ

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករ ដែលបាញ់សម្លាប់អង្គរក្សគ្នាឯង (យាមផ្ទះជាមួយគ្នា) ចំនួន១១គ្រាប់ បណ្តាលឱ្យស្លាប់ កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចប៉ុស្តិ៍យាម មុខផ្ទះឧកញ៉ាលឹម ប៊ុនសួរ ស្ថិតក្នុងភូមិ៨  សង្កាត់បឹងកេងកង១  ខណ្ឌបឹងកេងកង រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនដល់ស្រុកស្អាង ខេត្តកណ្តាល អស់រយៈពេលប្រមាណ ១៩ម៉ោង ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាននោះ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការនោះ មានឈ្មោះអ៊ូ សូភី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាអង្គរក្ស និងអ្នកបើកបររថយន្តឱ្យឧកញ៉ាលឹម ប៊ុនសួរ មានលំនៅក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះគង់ សុត អាយុ៤៣ឆ្នាំ មុខរបរអង្គរក្ស និងអ្នកបើកបររថយន្ត បម្រើការងារនិងស្នាក់នៅប្រចាំការនៅផ្ទះកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិត្រពាំងស្ទង ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌបឹងកេងកង បានបញ្ជូនជនសង្ស័យឈ្មោះអ៊ូ សុភី ពាក់ព័ន្ធពីបទឃាតកម្ម (បាញ់សម្លាប់អង្គរក្សគ្នាឯង) និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា ក្រោយបាញ់សម្លាប់អង្គរក្សដែលយាមផ្ទះឧកញ៉ាជាមួយគ្នារួចមក ជនសង្ស័យជាឃាតករ បានរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេលប្រមាណ ១៩ម៉ោង ក៏ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាឃាតករខាងលើនេះ ធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ប្រភពដដែល បន្តថា ក្រោយកើតមានករណីឃាតកម្មបាញ់ប្រហារ ១១គ្រាប់ សម្លាប់អង្គរក្សម្នាក់ នៅក្នុងប៉ុស្តិ៍យាមមុខផ្ទះឧកញ៉ាលឹម ប៊ុនសួរ រួចមក កម្លាំងជំនាញបានសហការគ្នាបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ អស់រយៈពេលប្រមាណ ១៩ម៉ោង រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ូ សូភី នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងដកហូតបានអាវុធខ្លី ១ដើម ម៉ាក STEYR.M ពណ៌ខ្មៅ លេខ ៤៣០៧ និងបង់ចំនួន ១ ផងដែរ។

តាមចម្លើយសារភាពបឋមរបស់ជនសង្ស័យជាខ្មាន់កាំភ្លើង បានឱ្យដឹងថា មូលហេតុដែលនាំឱ្យខ្លួនបាញ់សម្លាប់ជនរងគ្រោះ គឺដោយសារគំនុំ ហើយក្រោយបាញ់សម្លាប់ជនរងគ្រោះរួច ខ្លួនបានជិះម៉ូតូ PCX 016 គេចទៅផ្ទះប្រពន្ធរបស់ខ្លួន នៅក្រុងតាខ្មៅ (ស្រីមុំ លក់សាច់គោអាំង) បន្ទាប់មក ក៏ឡើងជិះម៉ូតូកង់បី គេចខ្លួនបន្តទៅសម្ងំលាក់ខ្លួននៅផ្ទះឪពុកបង្កើតរបស់ខ្លួន ស្ថិតក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយសម្ងំលាក់ខ្លួនបានត្រឹម ១៩ម៉ោង ក៏ត្រូវសមត្ថកិច្ចចុះចាប់ខ្លួនដល់ក្នុងផ្ទះតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យជាឃាតករបាន សមត្ថកិច្ចក៏បាននាំខ្លួនជននេះ ទៅប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅចំណុចមុខគេហដ្ឋានលេខ៣៨ ផ្លូវលេខ៣៣២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង (ភូមិគ្រឹះឧកញ៉ាលឹម ប៊ុនសួរ) ដោយបុរសជាអង្គរក្ស និងជាតៃកុងរថយន្តម្នាក់ កំពុងអង្គុយនៅក្នុងប៉ុស្តិ៍យាមខាងមុខ ភូមិគ្រឹះដែលខ្លួនកំពុងបម្រើការងារ ស្រាប់តែត្រូវខ្មាន់កាំភ្លើងដែលជាអង្គរក្សដូចគ្នា បានដកកាំភ្លើងបាញ់ប្រហារទៅ លើជនរងគ្រោះ ចំនួន១១គ្រាប់ បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម លើកៅអីក្នុងប៉ុស្តិ៍យាម។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយនៅក្នុងប៉ុស្តិ៍យាមតែម្នាក់ឯង ស្រាប់តែរំពេចនោះ លេចមុខបុរសម្នាក់ ដែលគេស្គាល់ថា គឺជាអង្គរក្សម្នាក់ផងដែរ បានបណ្តើរម៉ូតូ ១គ្រឿង ម៉ាក PCX មកឈប់នៅលើផ្លូវខាងមុខប៉ុស្តិ៍យាម រួចចុះដើរតម្រង់ទៅរកជនរងគ្រោះ បន្ទាប់មកជនសង្ស័យជាខ្មាន់កាំភ្លើង ក៏បានដកកាំភ្លើងខ្លី ១ដើម បាញ់រះទៅលើជនរងគ្រោះទាំងកំរោល ចំនួន១១គ្រាប់ បណ្តាលឱ្យជនរងគ្រោះអង្គុយស្លាប់លើកៅអី ផ្ងារទៅក្រោយ ក្នុងថ្លុកឈាម ទាំងដែលកាំភ្លើង ១ដើមរបស់ជនរងគ្រោះ នៅលើតុក្បែរនោះដែរ ប៉ុន្តែជនរងគ្រោះមិនមានឱកាសបានតបតជាមួយជនសង្ស័យជាខ្មាន់កាំភ្លើងនោះឡើយ។ ចំណែកខ្មាន់កាំភ្លើង បានឡើងជិះម៉ូតូ ចាកចេញពីកន្លែងកើតហេតុបាត់។

ក្រោយពេលកើតហេតុ គេឃើញវត្តមានស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះ ក៏បានមកដល់ទីតាំងកើតហេតុផងដែរ និងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ប្តីរបស់គាត់ មានស្រុកកំណើតនៅខេត្តតាកែវ ហើយកន្លងមក ប្តីគាត់តែងតែនៅបំពេញការងារភាគច្រើនគឺចំណាយពេលនៅ កន្លែងផ្ទះកើតហេតុ កម្រទៅផ្ទះណាស់។ នៅមុនពេលកើតហេតុ កាលពីថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ ប្តីរបស់គាត់បានទៅផ្ទះលេងប្រពន្ធកូនដែរ ស្រាប់តែត្រឡប់មកវិញ ដល់ថ្ងៃកើតហេតុ ក៏ជួបហេតុការណ៍បែបនេះតែម្តង៕

RELATED ARTICLES