Tuesday, November 26, 2024
Homeព័ត៌មានជាតិឪចុង ទាញកាំបិតកាប់កូនប្រុសដាច់ក

ឪចុង ទាញកាំបិតកាប់កូនប្រុសដាច់ក

ខេត្តតាកែវ ៖ បុរសម្នាក់ ក្រោយពីត្រឡប់មកពីផឹកស៊ីស្រវឹងជោក ចូលដល់ផ្ទះ ក៏កើតមានជម្លោះពាក្យសម្តីជាមួយកូនប្រុសចុង របស់ខ្លួនដែលកំពុងស្រវឹងធ្លាក់ភ្នែកដូចគ្នា ធ្វើឱ្យកើតជាអំពើហិង្សា ប្រតាយប្រតប់គ្នា ស្រាប់តែភាគីបុរសជាឪពុកចុង បានស្ទុះទាញកាំបិតកាប់ ប្រហារទៅលើកូនប្រុស ១កាំបិត ចំកញ្ចឹងក បណ្តាលឱ្យដាច់កស្លាប់ក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ជាឪពុកចុង បានព្យាយាមរត់គេចខ្លួនអស់ រយៈពេល២ថ្ងៃ ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ឃាត់ខ្លួនដល់ខេត្តកំពត នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៤៦នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់។ រហូតមកដល់វេលាម៉ោង ៦និង២៥នាទីព្រលប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យបាន នៅចំណុចភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

ជនដៃដល់ជាឃាតករសម្លាប់កូនចុង ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ងយ ង៉ាន់ អាយុ៦៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ោក រ័ត្ន អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង់។

លោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា សមត្ថកិច្ចស្រុកគិរីវង់ សហការជាមួយនគរបាលស្រុកបន្ទាយមាស ខេត្តកំពត បានធ្វើការស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ ជាឪពុកចុង ដែលវាយសម្លាប់កូនប្រុស រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួន នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស ខេត្តកំពត។

លោកអធិការរង បានឱ្យដឹងថា ជនដៃដល់ឈ្មោះ ងយ ង៉ាន់ បានប្រើកាំបិតក្ងុក កាប់កូនប្រុសចុងឈ្មោះប៉ោក រ័ត្ន ចំគល់កផ្នែកខាងឆ្វេង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ៧និង៤៦នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។ ចំពោះមូលហេតុនៃការសម្លាប់ នេះ គឺផ្តើមចេញពីទំនាស់ពាក្យសម្តីគ្នា គួបផ្សំនឹងការផឹកស្រាស្រវឹងទាំង២នាក់ផង (ប៉ុន្តែមិនបានផឹកជាមួយគ្នាទេ)។

លោកអធិការរង បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ  និងមានការសម្របសម្រួលពីលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងនគរបាលស្រុកគិរីវង់ សហការជាមួយនគរបាលស្រុកបន្ទាយមាសខេត្តកំពត បានឃាត់ខ្លួនជនដៃដល់ឈ្មោះ ងយ ង៉ាន់ កាលពីវេលាម៉ោង ៦និង២៥នាទីព្រលប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

ក្រោយពីចាប់ឃាត់ខ្លួន ក៏បានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតធ្ងន់ខេត្តតាកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES