ខេត្តកំពត ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ទើបនឹងត្រឡប់មកពីដើរលេង ជិះម៉ូតូតាមផ្លូវ ឃើញយុវជនម្នាក់កំពុងអង្គុយលេងនៅលើម៉ូតូតែម្នាក់ឯង ក៏ព្រួតគ្នាចូលទៅកាប់ប្រហារ តែជនរងគ្រោះរត់គេចខ្លួនទាន់ ទើបក្រុមជនបង្កហេតុ ព្រួតគ្នាកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ បណ្តាលឱ្យរងការខូចខាតស្ទើរទាំងស្រុង បន្ទាប់មកក៏នាំគ្នារត់គេចខ្លួនអស់ តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានចំនួន ៦នាក់ ខណៈ ២នាក់ទៀត កំពុងរត់គេចខ្លួន។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក។ លុះបន្ទាប់មក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យ បានសរុបចំនួន ៦នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី០៦ និងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។
ជនសង្ស័យជាក្មេងទំនើងទាំង ៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះផុន ពន្លឺ អាយុ១៦ឆ្នាំ។ ទី២-ឈ្មោះ ឡាន់ ថុង អាយុ១៨ឆ្នាំ។ ទី៣-ឈ្មោះដោម ម៉ៅ អាយុ២០ឆ្នាំ។ ទី៤-ឈ្មោះធឿន ភក្តី អាយុ១៨ឆ្នាំ។ ទាំង៤នាក់ រស់នៅភូមិល្អាង ឃុំល្អាង ស្រុកដងទង់។ ទី៥-ឈ្មោះជិន ចន្ថា អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក និងទី៦-ឈ្មោះជន វណ្ណា អាយុ១៥ឆ្នាំ រស់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក។ ដោយឡែក បក្ខពួក២នាក់ទៀតដែលកំពុងរត់គេចខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្រុមជនសង្ស័យជាក្មេងស្ទាវខាងលើ មានគ្នា ៨នាក់ ជិះម៉ូតូ ៤គ្រឿង ទើបនឹងត្រឡប់មកពីដើរលេងនៅក្រុងកំពត។ លុះមកដល់ភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ក៏បានប្រទះឃើញយុវជនម្នាក់ កំពុងអង្គុយលើម៉ូតូ ក៏នាំគ្នាយកដាវ កាំបិត ដំបងដែក ដេញកាប់ និងវាយ តែមិនមានរបួសទេ ដោយសារជនរងគ្រោះបានរត់គេចទាន់។ បន្ទាប់មក ក្រុមក្មេងទំនើង ក៏បានព្រួតកាប់និងវាយបំផ្លាញម៉ូតូ បណ្តាលឱ្យខូចខាតយ៉ាងដំណំតែម្តង រួចក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។
ក្រោយកើតហេតុ ដោយផ្អែកតាមបណ្តឹងរបស់ជនរងគ្រោះ កម្លាំងនៃស្នងការដ្ឋានខេត្ត សហការជាមួយនគរបាលស្រុកឈូក និងស្រុកដងទង់ ក៏បានតាមដាននិងកំណត់មុខសញ្ញា រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ៦នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី០៦ និងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ រួចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ចាត់ការបន្ត កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ ចំណែកបក្ខពួក ២នាក់ទៀត ដែលកំពុងគេចខ្លួន កម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនមកទទួលទោសតាមច្បាប់៕