ខេត្តប៉ៃលិន ៖ បុរស ២នាក់ បានកើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតផ្ទុះជាអំពើហិង្សា វាយតប់គ្នាយកស្លាប់រស់ បណ្តាលឱ្យភាគីម្ខាងរងរបួសយ៉ាងធ្ងន់ រួចក៏បានដេកស្លាប់នៅក្នុងបន្ទប់ យ៉ាងអាណោចអាធ័ម ចំណែកភាគីម្ខាងទៀត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍ជម្លោះឈានដល់ការវាយតប់គ្នា បណ្តាលឱ្យភាគីម្ខាងស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារនិងកាស៊ីណូ ញូហ្វ័រធូណា ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិផ្សារព្រំជើង សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ។
ជនរងគ្រោះដែលត្រូវគូទំនាស់វាយស្លាប់នោះ មានឈ្មោះម៉ូ ហ្វាំងជី (Mo fangjie) ភេទប្រុស អាយុ៤២ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E43511011។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ NIRAJ NEPALESE ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិនេប៉ាល់ មានមុខរបរជាសន្តិសុខ កាន់លិខិតឆ្លងដែនលេខ 10783679។ ជនរងគ្រោះ និងជនសង្ស័យខាងលើ សុទ្ធសឹងជាបុគ្គលិកបម្រើការងារនិងស្នាក់នៅក្នុងសណ្ឋាគារ និងកាស៊ីណូ ញូហ្វ័រធូណា ជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីអ្នកបកប្រែចិន ម្នាក់ថា មានករណីហិង្សា បង្កឡើងដោយជនជាតិនេប៉ាល់ ម្នាក់ បានវាយទៅលើជនជាតិចិន ម្នាក់ បណ្តាលឱ្យរងរបួសជាំពេញខ្លួន រហូតដល់ដេកស្លាប់ក្នុងបន្ទប់ នៅសណ្ឋាគារញូហ្វ័រធូណា ជាប់ព្រំដែនកម្ពុជា-ថៃ តែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងការិយាល័យព្រហទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត បានចុះពិនិត្យស្រាវជ្រាវដល់ទីតាំងកើតហេតុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មានករណីវាយតប់គ្នារវាងជនជាតិចិន និងជនជាតិនេប៉ាល់ ស្ថិតនៅចំណុចតារាងបាល់ ក្នុងបរិវេណកាស៊ីណូ ញូហ្វ័រធូណា។ រហូតមកដល់វេលាម៉ោង ១១យប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ទើបបានទទួលដំណឹងថា ជនរងគ្រោះបានដេកស្លាប់នៅក្នុងបន្ទប់ ស្ថិតក្នុងភូមិផ្សារព្រំជើង សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ។
រហូតដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ដោយឆ្លងតាមការពិនិត្យសព និងការបញ្ជាក់របស់ក្រុមគ្រូពេទ្យកោសល្យវិច័យ បានឱ្យដឹងថា ជនរងគ្រោះស្លាប់ដោយមានការខ្ទាំគ្រឿងក្នុងធ្ងន់ និងមានស្នាមរបួសជាច្រើនកន្លែង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានសហការជាមួយកម្លាំងការិយាល័យព្រហទណ្ឌកម្រិតស្រាល និងកម្លាំងអធិការនគរបាលស្រុកសាលាក្រៅ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិនេប៉ាល់ នាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តតាមនីតិវិធី។
ដោយឡែក សពជនរងគ្រោះ ត្រូវបានតម្កល់ទុកនៅវត្តសារ៉ាវ៉ាន់ ដើម្បីរង់ចាំខាងតំណាងស្ថានទូត និងក្រុមគ្រួសារ មកទទួលនិងចាត់ចែងបន្ត៕