ខេត្តក្រចេះ ៖ បុរសម្នាក់ នៅសុខៗទាញពូថៅស្ទុះទៅកាប់ប្រហារប្អូនថ្លៃស្រីរបស់ខ្លួន ចំពីក្រោយកញ្ចឹងក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម គួរឱ្យរន្ធត់ រួចក៏ស្ទុះលោតចូលទឹកទន្លេ ហែលឆ្លងដើម្បីគេចខ្លួន ប៉ុន្តែភ្លាមៗនោះ ត្រូវបានសមត្ថកិច្ចចេញទូកស្ទាក់ចាប់បាន។
ករណីអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសម្បូណ៌។
ជនសង្ស័យជាឃាតករ ដែលកាប់ប្អូនថ្លៃស្រីដាច់ក និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជំងឺសរសៃប្រសាទ ប្រចាំកាយ មានលំនៅក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ។ ចំណែកនារីរងគ្រោះ មានឈ្មោះទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ មានភូមិកោះដំបង ឃុំបឹងចារ ស្រុកសម្បូណ៌ (នៅផ្ទះជាមួយគ្នា)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ជនសង្ស័យឈ្មោះ ថា លីណាន ធ្លាប់កើតជំងឺសរសៃប្រសាទ ប្រចាំកាយ ប៉ុន្តែមិនធ្លាប់ប្រព្រឹត្តអំពើអ្វីឃោរឃៅ គួរឱ្យកត់សម្គាល់នោះឡើយ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលឃើញនារីរងគ្រោះជាប្អូនថ្លៃ កំពុងអង្គុយនៅក្រោមផ្ទះសុខៗ ស្រាប់តែជនសង្ស័យ បានដើរទៅទាញពូថៅ កាប់ប្រហារប្អូនថ្លៃស្រីរបស់ខ្លួន ពីក្រោយ ចំកញ្ចឹងក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមមួយរំពេច។
ប្រភពដដែល បន្តថា បន្ទាប់ពីធ្វើសកម្មភាពកាប់សម្លាប់ប្អូនថ្លៃរួច ជនសង្ស័យជាឃាតករ បានស្ទុះលោតចូលទៅក្នុងទឹកទន្លេ រួចព្យាយាមហែលទឹក កាត់ទន្លេ ដើម្បីគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសម្បូណ៌ ចេញទូកទៅស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គ។
ជនសង្ស័យជាឃាតករសម្លាប់ប្អូនថ្លៃខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។
ដោយឡែក សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕