ភ្នំពេញ ៖ មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រួចបញ្ជូនទៅតុលាការ ដោយជាប់ចោទពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធនឹងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (ចេញសែកស្អុយប្រមាណ ១០ម៉ឺនដុល្លារ) សងបំណុលជំនួសឪពុក ។
មន្ត្រីនគរបាលដែលត្រូវបានចាប់ខ្លួន មានឈ្មោះនូវ ច័ន្ទមង្គល ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ទាក់ទិននឹងការឃាត់ខ្លួនមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ បញ្ជូនទៅតុលាការនេះ សមត្ថកិច្ចអនុត្តទៅតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ ទទួលចាត់ការលើសំណុំរឿងនេះ។
តាមដីកាបង្គាប់ឱ្យនាំខ្លួន ត្រូវបានដាក់ឱ្យឈ្មោះនូវ ច័ន្ទមង្គល ស្ថិតក្រោមការពិនិត្យ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌ មានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ពាក់ព័ន្ធករណីខាងលើនេះ តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លុយប្រហែល ១០ម៉ឺនដុល្លារនោះ ឪពុកម្តាយជាអ្នកជំពាក់គេទេ តែក្រោយមក លោកនូវ ច័ន្ទមង្គល ថាកុំឱ្យមានរឿងដល់ឪពុកម្តាយខ្លួន ក៏បានចេញសែកឱ្យទៅដើមបណ្តឹង ដើម្បីសងជំនួសឪពុកម្តាយ តែដល់ពេលសេដ្ឋកិច្ចប្រទេសជាតិ និងសកលលោកជាប់វឹកវរទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទើបផុងខ្លួន មិនអាចរកចំណូលដោះបំណុលនោះបាន ទើបត្រូវចាប់ខ្លួនតែម្តង៕