ខេត្តកណ្តាល ៈ នារីវ័យក្មេងម្នាក់ ទើបនឹងចេញពីធ្វើការយប់ ជិះម៉ូតូសំដៅទៅផ្ទះតែម្នាក់ឯង ស្រាប់តែដល់កន្លែងស្ងាត់ ត្រូវជនសង្ស័យ ១ក្រុម ប្រដាប់ដោយដាវ បានកៀរម៉ូតូឱ្យឈប់ រួចគំរាមកាប់ប្លន់យកម៉ូតូទៅបាត់ ប៉ុន្តែដោយសារម៉ូតូរបស់នារីរងគ្រោះ មានភ្ជាប់ប្រព័ន្ធ GPS ទើបនារីរងគ្រោះបានប្តឹងសមត្ថកិច្ចស្រាវជ្រាវតាមរក រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ខណៈដែលបក្ខពួក ៣នាក់ទៀត បានរត់គេចបាត់។ រហូតរំលងបានកន្លះឆ្នាំក្រោយមក ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានថែមម្នាក់ទៀត។
ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ (ចាប់ខ្លួនភ្លាមៗ ២នាក់)។ រហូតមកដល់វេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានថែមម្នាក់ទៀត សរុប៣នាក់ ខណៈ ២នាក់ទៀត កំពុងគេចខ្លួននៅឡើយ។
ជនរងគ្រោះមានឈ្មោះស៊ឹម ស្រីណែត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង។ ចំណែកក្រុមជនសង្ស័យ មានគ្នា៥នាក់ រួមមាន ៖ ទី១-ឈ្មោះឈឿន សុខណា ហៅមាន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិសំបុកចាប ឃុំត្រើយស្លា ស្រុកស្អាង (ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២)។ ទី២-ឈ្មោះលីលាង សុខសាន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២)។ ទី៣-ឈ្មោះលី មករា ហៅឆែប ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង (ចាប់ខ្លួនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២)។ ទី៤-ឈ្មោះណន រ៉ៃយុម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិរការលើ ឃុំខ្ពប ស្រុកស្អាង (គេចខ្លួន) និងទី៥-ឈ្មោះខន សឹងហាក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង (គេចខ្លួន)។
សម្ភារ:បាត់បង់ ស្លាកលេខម៉ូតូ ចំនួន១ ដែលមានលេខ ភ្នំពេញ 1HV-7435។ រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាក HONDA SCOOPY-I ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1HV.7435 (របស់ជនរងគ្រោះ)។ ២-ម៉ូតូម៉ាក EXCITER ពណ៌ខ្មៅ ចំនួន១គ្រឿង គ្មានស្លាកលេខ (របស់ជនសង្ស័យជិះធ្វើសកម្មភាព រកឃើញនៅកន្លែងលាងម៉ូតូរបស់ឈ្មោះលី មករា)។ ៣-ស្លាកលេខម៉ូតូ ចំនួន១ ដែលមានលេខ កណ្តាល 1H.4238 (រកឃើញនៅកន្លែងលាងម៉ូតូរបស់ឈ្មោះលី មករា)។ ៤-ដែក ៦ជ្រុង ចុងស្រួចសំប៉ែត ចំនួន១ (រកឃើញនៅផ្ទះរបស់ឈ្មោះលី មករា) និង៥-ដាវដែក ដងឈើ ចំនួន១ ប្រវែង ០,៧០ម៉ែត្រ (រកឃើញនៅកន្លែងលាងម៉ូតូរបស់ឈ្មោះលី មករា)។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូដូចមានភិនភាគខាងលើ តែម្នាក់ឯង ចេញពីធ្វើការនៅភ្នំពេញ ដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន ៤នាក់ ជិះម៉ូតូ ២គ្រឿង មិនចាំម៉ាក តាមពីក្រោយ កៀរម៉ូតូជនរងគ្រោះឱ្យចូលកៀន ហើយកាន់ដាវយារស្រែកសម្លុតរកកាប់ជនរងគ្រោះ ឱ្យប្រគល់ម៉ូតូ ធ្វើឱ្យជនរងគ្រោះភ័យ ក៏ប្រគល់ម៉ូតូឱ្យទៅជនសង្ស័យ។ ពេលបានម៉ូតូហើយ ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនឆ្ពោះទៅទិសខាងត្បូងបាត់ទៅ។
ប្រភពដដែល បន្តថា បន្ទាប់មក ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាខ្ពស់ដើម្បីជួយអន្តរាគមន៍ ដោយម៉ូតូរបស់ជនរងគ្រោះ ភ្ជាប់ប្រព័ន្ធ GPS សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរហូតដល់ម្តុំសំណង់១២ ស្ថិតក្នុងខណ្ឌទួលគោក ទើបចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់ភ្លាមៗ។
បន្ទាប់មក នៅវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះលី មករា ហៅឆែប នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ។
មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនត្រូវចោទឈ្មោះ លី មករា ហៅឆែប ត្រូវបានចាប់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ២៩៨ដក.ប.ចខ/២២ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោកថោង ផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស (ដោយសារការប្រព្រឹត្តអំពើហិង្សា) ប្រព្រឹត្តនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។
ជនត្រូវចោទខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕