ខេត្តមណ្ឌលគិរី ៖ សាកសពនារីវ័យក្មេងម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅកណ្តាលចម្ការដំឡូង ១កន្លែង ដោយមានសភាពរលួយសាច់អស់ទៅហើយ នៅសល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាលប៉ុណ្ណោះ បង្កឱ្យមានការភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។
ករណីប្រទះឃើញសាកសពនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងចម្ការដំឡូង ១កន្លែង ស្ថិតនៅក្នុងភូមិស្រែអណ្តោល ឃុំស្រែឈូក ស្រុកកែវសីមា។
សាកសពនារីរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ព្រោះសាកសពរលួយរលេះសាច់អស់ សល់តែគ្រោងឆ្អឹង និងលលាដ៍ក្បាលតែប៉ុណ្ណោះ ប៉ុន្តែតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មានវ័យប្រមាណ ២០ឆ្នាំ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីប្រទះឃើញសាកសពនៅក្នុងចម្ការដំឡូង ត្រង់ចំណុចមូលដ្ឋានខាងលើ។ ក្រោយពីទទួលដំណឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានចុះមកដល់កន្លែង កើតហេតុ នៅវេលាម៉ោង១រសៀល ក៏បានឃើញមានសាកសពដែលបានស្លាប់ប្រហែល ១០ថ្ងៃមកហើយ។
តាមការពិនិត្យស្ថានភាពសាកសពឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់ដឹងថាជាមនុស្សស្រី អាយុប្រហែល២០ឆ្នាំ ពាក់អាវក្រឡាការ៉ូ ពណ៌លឿង ស្លៀកខោខាប៊យពណ៌ប្រផេះ។
ក្រោយមក កម្លាំងប៉ុស្តិ៍ ក៏បានធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុនេះ ដើម្បីរង់ចាំខាងជំនាញ មកពិនិត្យបន្តទៀត។
ក្នុងករណីខាងលើនេះដែរ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវព័ត៌មានលម្អិត ដើម្បីស្វែងរកព័ត៌មានពិតជូនគ្រួសារជនរងគ្រោះ៕