Tuesday, November 26, 2024
Homeព័ត៌មានជាតិតភ្លើងបំភ្លឺស្រះចិញ្ចឹមកង្កែប ឆក់ស្លាប់

តភ្លើងបំភ្លឺស្រះចិញ្ចឹមកង្កែប ឆក់ស្លាប់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែលកំពុងតខ្សែភ្លើង ដើម្បីដាក់អំពូលបំភ្លឺនៅស្រះចិញ្ចឹមកង្កែប ប៉ុន្តែខុសបច្ចេកទេស ក៏បណ្តាលឱ្យឆ្លងចរន្ត ឆក់ស្លាប់នៅនឹងកន្លែងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិសេរីវ័ន ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះទូច ម៉ៅ ភេទប្រុស អាយុ៧១ឆ្នាំ ជាអតីតយុទ្ធជន មុខរបរចិញ្ចឹមកង្កែប មានលំនៅ ភូមិសេរីវ័ន ឃុំអណ្តើកហែប ស្រុករតនមណ្ឌល។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ បានរៀបចំតខ្សែភ្លើងចេញពីផ្ទះ ដើម្បីដាក់អំពូលបំភ្លឺនៅស្រះចិញ្ចឹមកង្កែប ខាងក្រោយផ្ទះ។ ស្រាប់តែក្រោយមក ភ្លាត់ស្នៀត បណ្តាលឱ្យឆ្លងចរន្តឆក់ដួលស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង សូម្បីសាច់ញាតិ អ្នកជិតខាងស្ទុះទៅជួយភ្លាមៗដែរ តែហួសពេលទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES