ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការបង្ការការចម្លង ជំងឺអុតស្វា (Monkeypox) ដែលកំពុងរាលដាលលើសាកលលោក។
សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង មានខ្លឹមសារទាំងស្រុងដូច ខាងក្រោម ៖
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (PAHO/WHO) បានបញ្ជាក់ពីករណីអុតស្វាចំនួន ៧៨៩២ និងស្លាប់ ៣នាក់ ត្រូវបានរាយការណ៍ពី ៦៣ប្រទេស ក្នុងតំបន់ចំនួន៥ របស់អង្គការសុខភាពពិភពលោក (តំបន់អាមេរិក អាហ្វ្រិក អឺរ៉ុប មេដីទែរ៉ាណេខាងកើត និងអាស៊ីប៉ាស៊ីហ្វិកខាងលិច) ក្នុងនោះ ៩៨ភាគរយនៃករណីអុតស្វា កើតមានពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។ បើតាមរាយការណ៍បង្ហាញថា មានការរាតត្បាតនៃជំងឺអុតស្វា បន្តកើតមានជាចម្បងលើបុរសដែលរួមភេទជាមួយបុរស ជាមួយដៃគូថ្មី ឬច្រើន នាពេលថ្មីៗនេះ។ ខណៈពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រ អំពីការរាត្បាតកំពុងបន្ត ករណីជំងឺអុតស្វា ដែលបានរាយការណ៍ ភាគច្រើនគឺតាមរយៈការមកប្រើប្រាស់សេវាសុខាភិបាលផ្លូវភេទ ឬសេវាសុខាភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានការលេចឡើងនូវការឆ្លងរាតត្បាតនៃជំងឺនេះ។ គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ប្រទេសសិង្ហបុរី ក៏បានរកឃើញករណីជំងឺអុតស្វា សរុប ០៤ករណី ដែល ០៣ករណី នាំចូលមកពីបរទេស និង ០១ករណី កើតមានក្នុងប្រទេសរបស់ខ្លួន។
គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះនៅឡើយទេ តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវនិងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅក្នុងប្រទេសកម្ពុជា ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍យើង ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំណុចសំខាន់ៗត្រូវអនុវត្តដូចខាងក្រោមនេះ ៖
១. ជំងឺអុតស្វា ចម្លងរបៀបណា?
– តាមរយៈការប៉ះពាល់រាងកាយផ្ទាល់ ឬប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញា រួមទាំងទំនាក់ទំនងផ្លូវភេទ សម្លៀកបំពាក់ ពូក កន្សែង ឬសម្ភារៈ ដូចជាសម្ភារៈសម្រាប់បរិភោគអាហារ (ចានក្បាន ស្លាបព្រា) ដែលអ្នកជំងឺអុតស្វា បានប្រើប្រាស់ និងឆ្លងតាមរយៈទឹកមាត់អ្នកជំងឺអុតស្វា (អ្នកជំងឺមានដំបៅក្នុងមាត់)។
– អ្នកជំងឺអុតស្វា មានផ្ទៃពោះ អាចឆ្លងទៅកូន តាមរយៈទងសុក និងឆ្លងពីឪពុកម្តាយ ដែលមានវីរុស ទៅកូន អំឡុងពេល ឬក្រោយសម្រាលកូន តាមរយៈការប៉ះពាល់នឹងស្បែកដែលមានពងបែក។
– វីរុសនេះ មាននៅលើសត្វព្រៃប្រភេទកកេរ ដែលវីរុសនេះ មានជាប្រចាំនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល ហើយបច្ចុប្បន្ន បាននិងកំពុងឆ្លងរាលដាល ដូចជានៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និងកាណាដា។
២. បុគ្គលដែលអាចសង្ស័យថាខ្លួនកើតជំងឺអុតស្វា ដោយមានរោគសញ្ញាដូចខាងក្រោម ៖
– ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួន លើសពី ៣៨,៥អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹង ប្រវត្តិធ្វើដំណើរទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យ ជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅ នៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ ប៉ាស្ទ័រកម្ពុជា។
– ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍ នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។
– ត្រូវសាកសួរដល់អ្នកនៅជុំវិញ ជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។
– បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ-2005 (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។
ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ កើតមានឡើងនៅក្នុងសហគមន៍ ទោះជាមិនធ្វើដំណើរទៅណា ឬនៅក្នុងអំឡុងពេលធ្វើដំណើរ ឬនៅពេលត្រឡប់ពីធ្វើដំណើរមកវិញ ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវរាយការណ៍ជាបន្ទាន់ មកលេខទូរស័ព្ទ ១១៥ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែក ដោយការរាយការណ៍នេះ រួមបញ្ចូលទាំងព័ត៌មានអំពីការធ្វើដំណើរថ្មីៗកម្លងមក ប្រវត្តិជំងឺ និងប្រវត្តិរួមភេទ និងប្រវត្តិចាក់ថ្នាំបង្ការជំងឺនានា។
៣- វិធានការដើម្បីការពារខ្លួនពីការឆ្លងជំងឺអុតស្វា មានដូចខាងក្រោម ៖
– ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាត ជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។
– ចៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែក ជាដើម រហូតដល់ជំងឺបានជាសះស្បើយ។
– ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈប្រើប្រាស់របស់បុគ្គលនេះ ដោយឡែក។
– បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វា នេះ។
– ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។
– ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតដជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។
– បុគ្គលដែលមានចេញកន្ទួលរមាស់ អមដោយគ្រុនក្តៅ និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ រហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដែរ។
– អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារការចម្លងរោគ នៅក្នុងសហគមន៍របស់ខ្លួន។
៤. ចំពោះបុគ្គលិកសុខាភិបាល ៖
– ការលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ដើម្បីទប់ស្កាត់និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធានការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយ មានការគ្រប់គ្រងការចម្លងរោគឆ្លងនៅក្នុងមន្ទីរពេទ្យ ឱ្យបានត្រឹមត្រូវ។
– អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេសពេទ្យដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយ នៅក្នុងបរិបទការពារជំងឺកូវីដ-១៩។
– ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។
– គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយ ដែលកើតមានឡើង ដើម្បីបន្តការស៊ើបអង្កេត។
– ត្រូវតាមដាននិងកំណត់អត្តសញ្ញាណករណីដំបូង ចង្កោមនៃការឆ្លងមេរោគ ប្រភពនៃការឆ្លងដើម្បីការពារការឆ្លងបន្ត ឱ្យបានឆាប់បំផុត។
– ត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺដែលមានចេញកន្ទួលពងរមាស់លើស្បែក (Rash) ឬពងទឹកខុសពីធម្មតា (pustular) ដែលជារឿយៗមានគ្រុនក្តៅ និងមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះផងដែរ។
– ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារសំខាន់ណាស់ក្នុងកាលៈទេសៈដែលមិនទាន់មានការរាតត្បាតជំងឺ នៅក្នុងប្រទេសនៅឡើយ ដើម្បីអាចរកករណីសង្ស័យ ឬករណីឆ្លងបានលឿន និងអាចចាត់វិធានការសុខាភិបាល បានទាន់ពេលវេលា ចៀសវាងការពារការចម្លងបន្តគ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍។
៥. សម្រាប់ផ្នែកច្រកទ្វារព្រំដែន ពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងកាត់ព្រំដែន ៖
– មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយមានគ្រុនក្តៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរ។
– មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកកម្ពុជា នោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជា ដូចបានជម្រាបជូនចំណុចខាងលើ។
– ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងចៀសវាងការប៉ះពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Morkeypox) នេះ (ដូចជាពពួកកកេរ សត្វប្រភេទបែបដូចកង់ហ្គារូ និងថនិកសត្វ) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។
– ត្រូវរាយការណ៍នូវរោគសញ្ញាមិនធម្មតា និងរោគសញ្ញាដែលសង្ស័យ ជូនទៅអ្នកជំនាញសុខភាព រួមជាមួយនឹងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ។
បុគ្គលដែលមានកន្ទួលរមាស់នៅលើស្បែក ឬរោគសញ្ញាដូចអុតស្វា (គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ហើមកូនកណ្តុរ និងកន្ទួលរមាស់ស្បែក ឬដំបៅ) មិនត្រូវធ្វើដំណើរ ដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក និងត្រូវពិនិត្យព្យាបាលជំងឺ ឱ្យបានជាសះស្បើយ មុននឹងធ្វើដំណើរ។
៥. ការបង្ការត្រៀមបម្រុង ៖
ក្រៅពីវិធានការខាងលើ ក្រសួងសុខាភិបាល កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការស្វែងរកប្រភពដើម្បីផ្គង់ផ្គង់វ៉ាក់សាំងអុតស្វា នៅពេលមានតម្រូវការចាំបាច់។
៦. បុគ្គលដែលធ្វើដំណីរទៅកាន់ប្រទេសដែលមានករណីឆ្លងជំងឺ ៖
អ្នកដំណើរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការបង្ការដូចខាងក្រោម ៖
– ត្រូវរក្សាអនាម័យផ្ទាល់ខ្លួនកម្រិតខ្ពស់ រួមបញ្ចូលទាំងការលាងសម្អាតដៃញឹកញាប់ បន្ទាប់ពីចេញពីបង្គន់ ឬនៅពេលដៃប្រឡាក់ ឬចាប់កាន់របស់ផ្សេងៗ។
– ត្រូវចៀសវាងប៉ះពាល់ផ្ទាល់ជាមួយនឹងដំបៅលើស្បែកមនុស្ស ក៏ដូចជាវត្ថុ ឬរបស់របរដែលអ្នកជំងឺប្រើប្រាស់ មានដូចជាសម្លៀក បំពាក់ ឬកម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬចាន ស្លាបព្រា ពែង ជាដើម។
– ចៀសវាងប៉ះពាល់សត្វស្លាប់ឬរស់ ដែលអាចផ្ទុកវីរុសអុតស្វា ឬមេរោគផ្សេងៗទៀត និងត្រូវបរិភោគចំណីអាហារឆ្អិនល្អ។
– ត្រូវចៀសវាងទៅកាន់តំបន់ដែលមានជំងឺរាតត្បាត ប្រសិនបើចាំបាច់ត្រូវធ្វើដំណើរទៅកាន់តំបន់នោះ ត្រូវចេះការពារខ្លួន និងចៀសវាងការប៉ះពាល់ជាមួយសត្វ (សត្វស្លាប់ឬនៅរស់) ដែលអាចមានផ្ទុកវីរុសអុតស្វា (Monkeypox) នេះ ដូចជាពពួកសត្វកកេរ សត្វប្រភេទបែប ដូចកង់ហ្គារ៉ូ និងថនិកសត្វ ហើយត្រូវចៀសវាងការបរិភោគសាច់សត្វព្រៃ។
– អ្នកដំណើរដែលត្រឡប់មកវិញ ជាពិសេស មកពីតំបន់ដែលឆ្លងជំងឺអុតស្វា ត្រូវស្វែងរកការព្យាបាលវេជ្ជសាស្ត្រភ្លាមៗ ប្រសិនបើមានចេញរោគសញ្ញា (ឧទាហរណ៍ គ្រុនក្តៅភ្លាមៗ ហើមកូនកណ្តុរ និងមានស្នាមកន្ទួលរមាស់នៅលើស្បែក) នៅក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីវិលត្រលប់មកវិញ និងត្រូវជូនដំណឹងដល់គ្រូពេទ្យ អំពីប្រវត្តិធ្វើដំណើរថ្មីៗកន្លងមករបស់ខ្លួន។
– ដោយសារតែស្ថានភាពជំងឺឆ្លងនៅលើសកលលោក មានការវិវត្តជាបន្តបន្ទាប់ អ្នកដំណើរត្រូវចេះការពារខ្លួន រក្សាសុខភាពឱ្យបានល្អ ចៀសវាងការចម្លងជំងឺអុតស្វា និងជំងឆ្លងផ្សេងៗទៀត ដោយអនុវត្តតាមការណែនាំខាងលើ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខាភាព ឬសង្ស័យថា មានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ដែលមានដូចខាងក្រោមនេះ។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨…៕ ដារិទ្ធ