Tuesday, November 26, 2024
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ ប្រយ័ត្នឆ្លងអូមីក្រុងបំប្លែងថ្មី២ប្រភេទ

ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋ ប្រយ័ត្នឆ្លងអូមីក្រុងបំប្លែងថ្មី២ប្រភេទ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីណែនាំក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមការពារខ្លួនពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង បំប្លែងថ្មី ២ប្រភេទ គឺ BA.4 និង BA.5 ដោយត្រូវនាំគ្នាបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែលមានគម្លាតពីដូសមួយ ទៅដូសមួយទៀត មានរយៈពេលពី ៣ខែឡើងទៅ។

សេចក្តីណែនាំក្រើនរំលឹករបស់ក្រសួងសុខាភិបាល ចុះថ្ងៃអង្គារ ១៤កើត ខែអាសាធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ករណីអ្នកជំងឺកូវីដ-១៩ ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ដែលបង្ហាញឱ្យឃើញថា ស្ថានភាពឆ្លងនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មានការកើតសាឡើងវិញ ចាប់តាំងពី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដោយមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើអ្នកដំណើរមកពីក្រៅប្រទេស ចូលមកកម្ពុជា អ្នកនៅក្នុងសហគមន៍ និងអ្នកធ្វើតេស្តសម្រាប់ធ្វើវិញ្ញាបនបត្រក្នុងការធ្វើដំណើរចេញទៅក្រៅប្រទេសមួយចំនួន។  ការចរាចរនៃពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុង មុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក ហើយពពួកបំប្លែងថ្មីនេះ ក៏មានលទ្ធភាពអាចបញ្ជ្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឱ្យភាពស៊ាំរបស់បុគ្គល ឆាប់ធ្លាក់ចុះលឿនជាងមុន។ ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុសកូវីដ-១៩ ជំនាន់មុនៗនោះទេ។ រោគសញ្ញា មានដូចជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។

អាស្រ័យហេតុនេះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដោយទទូច និងសូមក្រើនរំលឹកដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ បុគ្គល គ្រួសារ និងសហគមន៍ ស្ថាប័នពាក់ព័ន្ធ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសេវាឯកជនទាំងអស់ សូមរួមសាមគ្គីភាពគ្នា ជំរុញបង្កើនការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបន្តអនុវត្តវិធានការសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ សំដៅការពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងនៅទីកន្លែងធ្វើការរបស់ខ្លួនផងដែរ។ ដើម្បីបញ្ចៀសនូវការរីករាលដាលការឆ្លងវីរុសកូវីដ-១៩ ដ៏ធ្ងន់ធ្ងរទៅក្នុងសហគមន៍ ទៅក្នុងគ្រួសារ និងស្ថាប័ននានា ដែលអាចកើតមានជាយថាហេតុ សូមប្រជាជនទាំងអស់ (ទាំងកម្ពុជា និងជនបរទេស) ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនាំគ្នាបន្តអនុវត្តវិធានការ “៣ការពារ និង៣កុំ” ព្រមទាំងនាំគ្នាទៅចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ជាចាំបាច់ ដែលមានគម្លាតពីដូសមួយ ទៅដូសមួយទៀត មានរយៈពេលពី ៣ខែឡើងទៅ។ សូមក្រើនរំលឹកថា ៖

វិធានការ ៣ការពារ មាន ៖

១). ពាក់ម៉ាស់ ៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬទាញម៉ាស់ដាក់ក្រោមចង្កា និងត្រូវដូរម៉ាស់ថ្មី នៅពេលម៉ាស់សើម។

២). លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូ ក្នុងរយៈពេល ៤០វិនាទី ឬជាមួយអាល់កុលជែល ក្នុងរយៈពេល ២០វិនាទី។

៣). រក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង។

វិធានការ ៣កុំ មាន ៖

១). កុំទៅកន្លែងមានមនុស្សច្រើនកុះករ ឬកន្លែងដែលមានមនុស្សម្នាច្រើនពេក។

២). កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។

៣). កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬសង្ស័យថាមានការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរកការពិនិត្យ ពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ដែលមានដូចខាងក្រោមនេះ។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខាភាព ដែលអាចទាញយមកមើល និងប្រើប្រាស់បាន។ ម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨»។

សូមបញ្ជាក់ថា ពាក់ព័ន្ធការរកឃើញវត្តមានវីរុសកូវីដ-១៩ អូមីក្រុង ប្រភេទបំប្លែងថ្មី ២ប្រភេទ (BA.4 និង BA.5) នៅក្នុងប្រទេសកម្ពុជា នេះដែរ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មីនេះ ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឱ្យបានគ្រប់ៗគ្នា។

តាមរយៈសារសំឡេង រយៈពេលប្រមាណជិត ១០នាទី លោកស្រី ឱ វណ្ណឌីន បានថ្លែងងថា “ខ្ញុំសូមអនុញ្ញាតជម្រាបជូនទៅដល់បងប្អូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បច្ចុប្បន្ននេះ វីរុសកូវីដ-១៩ កំពុងតែចរាចរយ៉ាងសកម្មនៅលើសកលលោក និងតាមបណ្តាប្រទេស ក្នុងតំបន់ ដោយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្ររបស់យើងបានបញ្ជាក់ថា បច្ចុប្បន្ននេះ វីរុសពពួកអូមីក្រុងបំប្លែងថ្មី គឺ BA.4 និង BA.5 ក៏កំពុងចរាចរនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក ហើយក្នុងនោះព្រះរាជាណាចក្រកម្ពុជារបស់យើង ក៏បានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី ប្រភេទ BA.4 និង BA.5 នេះផងដែរ ហើយការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ នេះ គឺបានចាប់ផ្តើមឡើងវិញ ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលយើងរកឃើញរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩នេះជារៀងរាល់ថ្ងៃ ហើយនៅក្នុងចំណោមអ្នកដែលមានវិជ្ជមានកូវីដ-១៩ ទាំងនោះ ក៏មានវត្តមាននៃពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះផងដែរ។ ដូច្នេះ ខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តនូវការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តនូវការអនុវត្តវិធានការ “៣ការពារ និង៣កុំ” ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា របស់យើង តែងតែធ្វើការណែនាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជារឿយៗ ជាពិសេសសូមបងប្អូនយើងទាំងអស់ នាំបុត្រាបុត្រី ក៏ដូចជាកូនចៅរបស់ខ្លួន ដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើងទៅ សូមនាំគ្នាមកទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ ជាពិសេសគឺដូសជំរុញ ទាំងដូសទី៣ ទាំងដូសទី៤ និងដូសទី៥ នេះ ឱ្យបានគ្រប់ៗគ្នា។ ការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អរបស់បងប្អូន។ បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ-១៩ មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោក នូវតម្រូវការនៃការចាក់ដូសជំរុញ ដែលមានគម្លាតចាប់ពី ៣ខែឡើងទៅ ដើម្បីជំរុញ បង្កើននិងរក្សាភាពរឹងមាំនៃភាពស៊ាំរបស់បុគ្គល ទប់ទល់ជាមួយនឹងការវាយលុកធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩ ពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ហើយកាត់បន្ថយបានជាអតិបរមានូវអត្រាចូលសម្រាកពេទ្យ ក៏ដូចជាកាត់បន្ថយបានជាអតិបរមានូវអត្រាមរណភាពដែលបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មីនេះផងដែរ»។

លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍បន្តថា «ខ្ញុំសូមអនុញ្ញាតជម្រាបជូនផងដែរថា តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក យើងមិនត្រូវមើលស្រាលទៅលើលទ្ធភាពនៃការវ៉ៃលុកចូលក្នុងសរីរាង្គកាយរបស់បុគ្គល ទោះបីស្ថានភាពនៃការកើតឡើង ឬក៏យើងអាចនិយាយថា អ្នកដែលឆ្លងនូវកូវីដ-១៩ ក្នុងពេលថ្មីៗនេះ ដែលបងប្អូនយល់ឃើញថា ហាក់ដូចជាមានសភាពស្រាលៗនោះក៏ដោយ ក៏ប៉ុន្តែយើងមិនត្រូវមើលរំលងនូវលទ្ធភាពនៃការវាយលុកធ្ងន់ធ្ងរនៃពពួកអូមីក្រុង BA.4 និង BA.5 នោះទេ។ ម៉្យាងវិញទៀត អង្គការសុខភាពពិភពលោកក៏បានបញ្ជាក់រួចហើយដែរថា ការដែលគេសង្កេតឃើញថា ប្រជាជនជាច្រើន នៅ លើសកលលោក រហូតដល់រាប់លាននាក់ ដែលបានឆ្លងនូវវីរុសកូវីដ-១៩ ក្រោយពីបានជាសះស្បើយទៅ ក៏មានបន្សល់នូវភាពប៉ះពាល់លើសុខភាពរបស់ខ្លួនមួយចំនួនទៀត នៅក្នុងរយៈពេលដ៏យូរអង្វែង ដែលគេមិនទាន់អាចកំណត់បានថា តើនៅក្នុងរយៈពេលយូរប៉ុន្មាននោះ ដូចជាមានការអស់កម្លាំងខ្លាំង ឬក៏មានការឈឺក្បាល ក៏ដូចជាការសម្រាន្តមិនលក់ ឬក៏មានផលប៉ះពាល់ទៅលើប្រព័ន្ធសាច់ដុំ ឬក៏មានផលប៉ះពាល់ទៅលើសរីរាង្គផ្សេងៗរបស់បុគ្គល ដែលអង្គការសុខភាពពិភពលោក និងអ្នកជំនាញ កំពុងធ្វើការសិក្សាស្រាវជ្រាវជាបន្ថែមទៀត ទៅលើបញ្ហាអស់ទាំងនេះ។ ដូច្នេះការឆ្លងនៃវីរុសកូវីដ-១៩ នៅលើសរីរាង្គរបស់បុគ្គល វាជាបញ្ហាសុខភាពសាធារណៈមួយដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវការឆ្លងនៃវីរុសកូវីដ-១៩នេះ ដោយចូលរួមទាំងអស់គ្នា អនុវត្តនូវវិធានការ “៣ការពារ និង៣កុំ” ហើយជាពិសេស សូមបងប្អូនស្ម័គ្រចិត្តទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ មានទាំងដូសទី៣ ដូសទី៤ និងដូសទី៥ នេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជួយគាំពារទៅដល់សរីរាង្គកាយរបស់បងប្អូន ទប់ទល់ជាមួយនឹងការវាយលុកធ្ងន់ធ្ងរនៃពពួកកូវីដ-១៩ ជាពិសេសគឺពពួកអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ តែម្តង។ ដូច្នេះ វ៉ាក់សាំងកូវីដ-១៩ នៅតែជាជម្រើសដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋ នៅក្នុងការមកទទួលយកនូវការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ហើយអ្វីដែលជាកិច្ចការដ៏សំខាន់នាពេលនេះ គឺការថែរក្សានូវសុខភាពរបស់បងប្អូន គឺស្ថិតនៅលើកណ្តាប់ដៃរបស់បងប្អូន ហើយក៏ស្ថិតនៅលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងការមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ នេះផងដែរ…”៕ ដារិទ្ធ

RELATED ARTICLES