ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានជិះម៉ូតូចេញពីផ្ទះតែម្នាក់ឯង សំដៅទៅបើកលុយជួសប្តី ថ្លៃបើកទ្បានដឹកដីធ្វើផ្លូវ លុះពេលត្រឡប់មកវិញ ក៏ត្រូវជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូ ជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។
នារីរងគ្រោះដែលត្រូវជនសង្ស័យស្ទាក់កាប់ប្លន់ម៉ូតូ មានឈ្មោះវឿន ឌីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រស្រាបៀរ ម៉ាទ្រីត មានលំនៅ ភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ចំណែកម៉ូតូដែលត្រូវចោរប្លន់យកទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1A-3068។ រីឯក្រុមជនសង្ស័យ មានគ្នាចំនួន ៣នាក់ (មិនស្គាល់អត្តសញ្ញាណ) ជិះម៉ូតូ ២គ្រឿង និងប្រដាប់ដោយកាំបិត ១ដើម។
តាមប្រភពពីក្រុមការងារព័តត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា មាននារីម្នាក់ បានបង្ហោះផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឈ្មោះ Oun Na ដោយបានរៀបរាប់ថា “នាងខ្ញុំឈ្មោះ វឺន រីណា ត្រូវបានចោរ ៣នាក់ ប្លន់យកម៉ូតូ នៅមុខវត្តពោធិព្រឹក្ស កាលពីយប់មិញ វេលាម៉ោង៣ភ្លឺ វាបានយកម៉ូតូនាងខ្ញុំ អាសង់០១៩ ដែលមានស្លាកលេខ កណ្តាល 1A-3068 និងទូរស័ព្ទ OPPO និងកាត ប.ស.ស កាតធនាគារ កាតចាក់វ៉ាក់សាំង អត្តសញ្ញាណប័ណ្ណ បងប្អូនណាបានឃើញ ឬក៏រើសបាន សុំជូនដំណឹងមកនាងខ្ញុំផង ០៩៦ ៦៨៩០៨៥១ ហើយសុំឱ្យខាងប៉ូលិសនៅខាងបន្ទាយដែក សុំជួយរកម៉ូតូរបស់នាងខ្ញុំ ឲ្យឃើញផង…”។
ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ផ្អែកតាមលទ្ធផលស្រាវជ្រាវរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែក បានទទួលព័ត៌មានពីឈ្មោះវឿន ឌីណា ភេទស្រី អាយុ២៣ឆ្នាំ ថា មានជនមិនស្គាល់មុខ ចំនួន៣នាក់ ភេទប្រុស ជិះម៉ូតូ ២គ្រឿង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ មិនស្គាល់ស៊េរី មិនស្គាល់ស្លាកលេខ បានធាក់ម៉ូតូរបស់ខ្លួនឱ្យដួល និងកាប់កែងជើងខាងឆ្វេង បណ្តាលឱ្យរងរបួសចេញឈាម នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ រួចក៏យកម៉ូតូរបស់ខ្លួន ជិះសំដៅឡើងទៅរាជធានីភ្នំពេញ។
បន្ទាប់ពីទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះទៅដល់ទីតាំងកើតហេតុខាងលើ ដើម្បីពិនិត្យ ដែលមានស្លាកលេខ កណ្តាល 1A.3068 និងស្រាវជ្រាវ ពិតជាមានករណីធាក់យកម៉ូតូប្រាកដមែន។ ក្រោយពីពិនិត្យទីតាំងខាងលើរួច កម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលបន្ទាយដែក ក៏ទៅជួបសួរនាំជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង ៦និង១៥នាទីព្រលប់ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿងខាងលើ ចេញពីផ្ទះម្នាក់ឯង ទៅបើកលុយប្តី ថ្លៃបើកទ្បានដឹកដីធ្វើផ្លូវ នៅស្រុកមេសាង ខេត្តព្រៃវែង លុះពេលធ្វើដំណើរដល់ស្រុកមេសាង ខេត្តព្រៃវែង មេឃក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង ពុំអាចធ្វើដំណើរទៅដល់ការដ្ឋានប្តីដឹកដីបាន ក៏សុំផ្ទះអ្នកស្រុកជ្រកសិន រង់ចាំភ្លៀងរាំង រហូតដល់ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះមិនអាចបើកលុយបាន ក៏ជិះម៉ូតូត្រទ្បប់មកផ្ទះវិញ។ លុះធ្វើដំណើរមកដល់ចំណុចរោងចក្រជីផ្កាយប្រាំ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ស្រាប់តែមានម៉ូតូ ២គ្រឿង មិនដឹងជិះចេញកន្លែងណា បានជិះក្បែរម៉ូតូរបស់ជនរងគ្រោះ តាមពីក្រោយ តែជនរងគ្រោះមិនបានចាប់អារម្មណ៍ ក៏ជិះម៉ូតូរហូតមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ធាក់ដៃចង្កូតម៉ូតូជនរងគ្រោះ ចំហៀងខាងឆ្វេង បណ្តាលឱ្យដួលទៅចិញ្ចើមថ្នល់ ភ្លាមនោះ មានម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ជិះគ្នា ២នាក់ មិនស្គាល់អត្តសញ្ញាណ បានឈប់ម៉ូតូពីក្រោយ រួចហើយជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានចុះពីលើម៉ូតូ កាន់កាំបិតដើរទៅកាប់កែងជើងខាងឆ្វេងជនរងគ្រោះ បណ្តាលឱ្យចេញឈាម រួចក៏លើកយកម៉ូតូជនរងគ្រោះ ជិះទ្បើងទៅភ្នំពេញ បាត់។
ករណីខាងលើនេះ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែក កំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យយ៉ាងយកចិត្តទុកដាក់ ដើម្បីចាត់ការតាមនីតិវិធី៕