Friday, September 20, 2024
Homeព័ត៌មានជាតិបំបែកសំបុកចោរធាក់ប្លន់ម៉ូតូ

បំបែកសំបុកចោរធាក់ប្លន់ម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាប ចាប់ឃាត់ខ្លួន  ក្រោយពីពួកគេបានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូ ១គ្រឿង បានសម្រេច កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នោចំណុចក្បែរហ្គ្រេនភ្នំពេញ តាមផ្លូវលេខ ១៣០០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះ មានឈ្មោះយូ វួន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ 119C ផ្លួវបេតុង ក្រុមទី២៧ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2890។

ចំណែកក្រុមជនសង្ស័យទាំង ៧នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះង៉ែត ម៉េងហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិស្វាយ ស្រុកពញាឮ ខេត្តកណ្តាល។ ទី២-ឈ្មោះខា ប៊ុនសៀម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១០ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ទី៣-ឈ្មោះម៉ម សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ទី៤-ឈ្មោះណា សៃហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ទី៥-ឈ្មោះហេង ណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ ទី៦-ឈ្មោះផៃ រក្សា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងទី៧-ឈ្មោះមាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ៧៩ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

រីឯសម្ភារៈដែលសមត្ថកិច្ចបានដកហូត រួមមាន ១-ម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1F-3460។ ២-ម៉ូតូម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HC-4064។ សម្ភារៈបាត់បង់ មាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JA-2890 (ជារបស់ជនរងគ្រោះ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមបណ្តោយផ្លូវលេខ ១៣០០ ក្នុងទិសដៅពីកើត ទៅលិច គោលបំណងទៅធ្វើការនៅហ្គ្រេនភ្នំពេញ ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យ ៦ទៅ៨នាក់ ជិះម៉ូតូ ៣ទៅ៤គ្រឿង មកអែបក្បែរជនរងគ្រោះ រួចបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួល ពេលនោះជនរងគ្រោះមានការភ័យខ្លាចក៏រត់ចោលម៉ូតូ បន្ទាប់មក ជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់ទៅ។

លោកអធិការ បន្តថា លុះមកដល់វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៧នាក់ខាងលើ នៅចំណុចផ្លូវលេខ៥៨៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ចំពោះមុខ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាន កំពុងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែម និងរកកន្លែងទិញម៉ូតូរបស់ជនរងគ្រោះ ដើម្បីកសាងសំណុំរឿង បញ្ជូនតាមនីតិវិធី៕

RELATED ARTICLES