Tuesday, November 26, 2024
Homeព័ត៌មានជាតិភ្ជង់កាំភ្លើង វ៉ៃប្លន់ស្រី រត់គេច២០ថ្ងៃ ជាប់ខ្នោះ

ភ្ជង់កាំភ្លើង វ៉ៃប្លន់ស្រី រត់គេច២០ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ រួចវាយទៅលើស្រីម្នាក់ បណ្តាលឱ្យរងរបួស បន្ទាប់មកបានប្លន់យកម៉ូតូនិងខ្សែករបស់ស្ត្រីរងគ្រោះ រួចព្យាយាមរត់គេចខ្លួន អស់រយៈពេលប្រមាណ ២០ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីភ្ជង់កាំភ្លើង វ៉ៃប្លន់ម៉ូតូ និងខ្សែក ពីស្ត្រីម្នាក់រងគ្រោះនេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៦៤៤ ភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ រហូតមកដល់វេលាម៉ោង ៦និង៣០នាទី ព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន នៅក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះសេង សៀម អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៥០ បុរីសម្បត្តិមាន ហេង៣ ផ្លូវលេខ២ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជនសង្ស័យខាងលើ បានធ្វើសកម្មភាពប្រើកាំភ្លើងភ្ជង់ រួចវាយទៅលើស្ត្រីរងគ្រោះ ឈ្មោះសេង សៀម ប្លន់យកម៉ូតូនិងខ្សែករបស់ស្ត្រីរងគ្រោះ បានសម្រេច ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់មក សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួនជនសង្ស័យបាន កាលពីព្រលប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់ថា កន្លងមក ជនសង្ស័យឈ្មោះសុខ ដារ៉ា ធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ១ឆ្នាំ (កាលពីឆ្នាំ២០១៧) ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

RELATED ARTICLES