ខេត្តព្រះវិហារ ៖ ឈើប្រណីតប្រភេទធ្នង់ ជាង២០ដុំ ដែលឈ្មួញបានដឹកជញ្ជូនតាមគោយន្តកន្ត្រៃ ចេញពីព្រៃ មកលាក់ទុកក្នុងបរិវេណផ្ទះប្រជាពលរដ្ឋ ដើម្បីត្រៀមលក់បន្តឱ្យឈ្មួញ ត្រូវបានកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះបង្ក្រាបនិងរឹបអូស ដោយសហការជាមួយនឹងអ្នកសារព័ត៌មាន។
ប្រតិបត្តិការចុះបង្ក្រាបនិងរឹបអូសឈើនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ។
តាមសេចក្តីរាយការណ៍ ឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំកម្លាំងដោយនាយសង្កាត់រដ្ឋបាលព្រៃឈើ ត្បែងមានជ័យ លោកសុង បញ្ញា ក្រោមបញ្ជាពីលោកវង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងក្រោមការអនុញ្ញាតពីនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោក នួន សុខុម បន្ទាប់ពីបានការឯកភាពពីលោកតំណាងអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនោះ មន្ត្រីរដ្ឋបាលព្រៃឈើ បានរឹបអូសយកឈើបេង បានជាង២០ដុំ (វែង-ខ្លី) នាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
ប្រភពពីប្រជាពលរដ្ឋនៅតំបន់ដែលសមត្ថកិច្ចបង្ក្រាបឈើនោះ បានបង្ហើបប្រាប់ថា ក្រុមឈ្មួញតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើ ពីដែនព្រៃ យកមកលាក់ទុកនៅក្នុងបរិវេណផ្ទះខាងលើស្ទើរជារៀងរាល់ថ្ងៃ ដើម្បីលក់បន្តឱ្យម្ចាស់រថយន្តកាមរីហើម ១គ្រឿង ពណ៌ស្លែចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2E-7849 ហើយម្ចាស់រថយន្តនេះ បានដឹកឈើទាំងនោះយកទៅចែកចាយតាមរោងសិប្បកម្មធំៗ នៅក្នុងខេត្តព្រះវិហារ។
ប្រជាពលដ្ឋបាននិយាយទៀតថា សកម្មភាពនេះ បានកើតឡើងជាយូរមកហើយ ប៉ុន្តែគេមិនដែលឃើញមានការបង្ក្រាបពីកម្លាំងសមត្ថកិច្ចមូលដ្ឋាននោះទេ ទើបតែពេលនេះ ត្រូវបានបង្រ្កាបជាលើកដំបូង៕