ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ២នាក់ ក្រោយសម្ងំជក់ថ្នាំញៀនរួច ក៏បបួលគ្នាចេញប្លន់ ដោយធ្វើសកម្មភាពដេញកាប់យុវជន ៣នាក់ (បណ្តាលឱ្យរងរបួស២នាក់ ដេរជិត២០ថ្នេរ) តែប្លន់ម៉ូតូមិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀត បាន ព្យាយាមរត់ចោលគូកនអស់រយៈពេល១ថ្ងៃ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។
ករណីកាប់ប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានម្នាក់ ចំណែកម្នាក់ ទៀត ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះជួល ១កន្លែង ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ភេទប្រុស អាយ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួនក្រោយកើតហេតុភ្លាមៗ) និងទី២-ឈ្មោះស៊ឹម សំបូរ ហៅឌុន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពីបទលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ចាប់ខ្លួននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២)។
រីឯវត្ថុចាប់ចាប់យក រួមមាន ១-ដាវកែច្នៃធ្វើអំពីដែក ដងឈើ មានប្រវែង ៦០សង់ទីម៉ែត្រ ដងប្រវែង ២០សង់ទីម៉ែត្រ ផ្លែដែក ប្រវែង៤០សង់ទីម៉ែត្រ មានមុខទទឹង ០,៥សង់ទីម៉ែត្រ។ ២-ខោខូវប៊យជើងវែង១ ពណ៌ខៀវក្រមៅ ម៉ាក GHP ATHLETIC TAPER (របស់ឈ្មោះចក់ រដ្ឋា)។ ៣-អាវក្រណាត់ដៃវែងពណ៌ខ្មៅ ចំនួន១ (របស់ឈ្មោះចក់ រដ្ឋា)។ ៤-ខោខូវប៊យជើងវែង ចំនួន១ ពណ៌ទឹកប៊ិកចាស់ ម៉ាក CLOSSHIPREMIUM (របស់ឈ្មោះស៊ឹម សំបូរ ហៅឌុន)។ ៥-អាវយឺតដៃខ្លីកមូល ចំនួន១ ពណ៌ត្រួយចេក (របស់ឈ្មោះស៊ឹម សំបូរ ហៅឌុន)។ ៦-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន និង៧-ម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ស៊េរីឆ្នាំ២០១៥ ពណ៌លឿងលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1X-4118 (មធ្យោបាយជិះធ្វើសកម្មភាព)។
ចំណែកជនរងគ្រោះ មាន៣នាក់ ទី១-ឈ្មោះវ៉េង សុផាន់ ហៅទក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរអ្នករៀបឆាកអកកេស មានលំនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ (អ្នកបើកម៉ូតូ)។ ទី២-ឈ្មោះមឿន គឹមហង្ស អាយុ១៨ឆ្នាំ មុខរបរអ្នករៀបឆាកអកកេស មានលំនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ (អ្នកជិះកណ្តាល) និងទី៣-ឈ្មោះសែ ពៅ អាយុ២២ឆ្នាំ មុខរបរអ្នករៀបឆាកអកកេស មានលំនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ (អ្នកជិះក្រោយ)។
តាមប្រភពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះស៊ឹម សំបូរ ហៅឌុន បានជិះម៉ូតូ ១គ្រឿង ម៉ាក Zoomer-X មកផ្ទះរបស់ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ដើម្បីជក់គ្រឿ់ងញៀន ជាមួយគ្នា និងពិភាគ្សាគ្នាពីរឿងចេញរកលុយ។ លុះដល់ម៉ោង ១២និង៣៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យទាំង២ បានជិះម៉ូតូ Zoomer-X ដោយឈ្មោះចក់ រដ្ឋា ហៅវ៉េវ ជាអ្នកបើក ចំណែកឈ្មោះស៊ឹម សំបូរ ហៅឌុន បានយកដាវកែច្នៃរបស់ឈ្មោះចក់ រដ្ឋា ហៅវ៉េវ ទៅជាមួយ។ លុះពេលជិះម៉ូតូមកចំណុចកើតហេតុខាងលើ ឃើញជនរងគ្រោះទាំង៣នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ក្នុងទិសដៅផ្ទុយគ្នា ជនសង្ស័យបានបត់ម៉ូតូមកតាមកាប់ជនរងគ្រោះ បណ្តាលឱ្យត្រូវជនរងគ្រោះឈ្មោះសែ ពៅ ១ដាវ ចំខ្នងខាងស្តាំ រងរបួស ដេរចំនួន ១៧ថ្នេរ។ ភ្លាមនោះ ជនរងគ្រោះឈ្មោះវ៉េង សុផាន់ ហៅទក ភេទប្រុស (អ្នកបើកម៉ូតូ) បានផ្តួលម៉ូតូ រួចដកសោម៉ូតូ នាំគ្នារត់។ បន្ទាប់មក ជនសង្ស័យឈ្មោះស៊ឹម សំបូរ ហៅឌុន បានលោតចុះពីលើម៉ូតូដេញកាប់ជនរងគ្រោះ បណ្តាលឱ្យត្រូវឈ្មោះវ៉េង សុផាន់ ១ដាវ តែត្រូវចុងដាវ របួសស្រាល។ ភ្លាមនោះដែរ ជនរងបានរើសដុំថ្មគប់ទៅលើជនសង្ស័យវិញ ឃើញដូច្នេះ ជនសង្ស័យទាំងពីរនាក់បាននាំគ្នាជិះម៉ូតូគេចខ្លួន។
បន្ទាប់មក ជនរងគ្រោះ បានប្តឹងមកនគរបាលប៉ុស្តិ៍ឈើទាល។ ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងនគរបាលផ្នែកយុត្តធម៌ បានចុះដល់កន្លែងកើតហេតុ ស្រាវជ្រាវនិងប្រមូលព័ត៌មានពីកន្លែងកើតហេតុ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះចក់ រដ្ឋា ហៅវ៉េវ មកសាកសួរនៅប៉ុស្តិ៍នគរបាលឈើទាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ បានឆ្លើយសារភាពថា ខ្លួនរួមជាមួយឈ្មោះស៊ឹម សំបូរ ហៅឌុន ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើប្រាកដមែន តែយកម៉ូតូជនរងគ្រោះមិនបានសម្រេចនោះទេ។
លុះមកដល់វេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សមត្ថកិច្ចបានបន្តចាប់ខ្លួនជនសង្ស័យឈ្មោះស៊ឹម សំបូរ ហៅឌុន នៅចំណុចផ្ទះជួល ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះស៊ឹម សំបូរ ហៅឌុន បានឆ្លើយសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ រហូតដល់អំឡុងខែមីនា ឆ្នាំ២០២២ (មិនចាំថ្ងៃ) នៅវេលាម៉ោង ១និង២០នាទីរសៀល ខ្លួនត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដោយឪពុករបស់ខ្លួន ឈ្មោះស៊ឹម ផល្លា បានរត់ការដោះជាមួយប្រព័ន្ធតុលាការអស់ប្រាក់ ៣ពាន់ដុល្លារ។
បន្ទាប់មក នៅវេលាម៉ោង ១និង១៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ខ្លួនរួមជាមួយឈ្មោះចក់ រដ្ឋា ហៅវ៉េវ ពិតជាបានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ជនរងគ្រោះ នៅចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រាកដមែន តែយកម៉ូតូមិនបាន។
ជនសង្ស័យ សារភាពថា កន្លងមក ខ្លួនរួមជាមួយឈ្មោះនឿន បុត្រ ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះពេទ្យ ភេទប្រុស (កំពុងជាប់ពន្ធនាគារខេត្តកណ្តាល) មានលំនៅ ភូមិជាមួយគ្នា ធ្លាប់ធ្វើសកម្មភាពលួច និងធាក់ប្លន់ម៉ូតូ ចំនួន៣ករណី នៅស្រុកកៀនស្វាយ ចំនួន២ករណី និងខណ្ឌច្បារអំពៅ ចំនួន១ករណី។
ក្រោយពីបានសាកសួររួច ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕