ភ្នំពេញ ៖ យុវជន២នាក់ បានជិះម៉ូតូដឹកគ្នាទៅរកទិញអីញ៉ាំ ស្រាប់តែត្រូវជនសង្ស័យចំនួន ៣នាក់ ប្រដាប់ដោយមួកការពារសុវត្ថិភាព ម្នាក់០១ មកព្រួតវាយទៅលើយុវជនទាំង២នាក់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ សន្លប់ស្តូក ចំណែកជនសង្ស័យ បាននាំគ្នារត់ចូលក្នុងអគារបុរីកីឡា គេចខ្លួនបាត់បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវមុខអគារបុរីកីឡាទី៥ ផ្លូវ២១១ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ យុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HN-6753 ដឹកគ្នា ធ្វើដំណើរឆ្លងកាត់មុខអគារបុរីកីឡា ហើយឈប់ម៉ូតូ រកទិញអីញ៉ាំ ស្រាប់តែលេចមុខជនសង្ស័យ ចំនួន៣នាក់ ដោយក្នុងដៃមានកាន់មួកការពារសុវត្ថិភាពម្នាក់មួយ បានធ្វើសកម្មភាពវាយទៅលើយុវជនទាំង២នាក់ បណ្តាលឲ្យយុវជនជាអ្នកបើកម៉ូតូ របួសធ្ងន់ បែកក្បាល សន្លប់ស្តូកស្តឹង ចំណែកអ្នករួមដំណើរ បានរត់យករួចខ្លួនបាត់។ បន្ទាប់ពីបង្កហេតុរួច ជនដៃដល់ទាំង៣នាក់ បាននាំគ្នារត់ចូលក្នុងអគារបុរីកីឡា គេចខ្លួនបាត់ ។
គួរបញ្ជាក់ថា យុវជនដែលរបួសធ្ងន់ មានឈ្មោះ នុត អាយុ២៤ឆ្នាំ មុខរបរតៃកុងអេស្កាវ៉ាទ័រ ស្នាក់នៅជិតកន្លែងកើតហេតុ និងជាម្ចាស់ម៉ូតូ ចំណែកយុវជនម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណឡើយ។ ហេតុការណ៍នេះ នៅមិនទាន់មានប្រភពណាអាចបញ្ជាក់បានទេថា តើជាករណីគំនុំ ឬជាករណីអ្វីឲ្យពិតប្រាកដ?
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋទាក់ទងហៅរថយន្ដសង្គ្រោះ គ្លីនិកឯកជន មកដឹកទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន យកទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលវាលវង់ រង់ចាំប្រគល់ឲ្យជនរងគ្រោះវិញ៕