ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ បានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្តីរបស់ខ្លួន ដោយសារទ្រាំលែងបាន នឹងទង្វើរបស់ប្តីដែលប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាលើប្រពន្ធកូន ហើយជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។
ជនសង្ស័យមានឈ្មោះ ម៉ាប់ និមល អាយុ៣៣ឆ្នាំ ពុំមានមុខរបបពិតប្រាកដ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។
បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យដឹងថា ស្ត្រីឈ្មោះ សេង ម៉ាលីយ៉ា អាយុ២៦ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងបុរសជាប្តី ឈ្មោះ ម៉ាប់ និមល ដែលបានប្រើប្រាស់គ្រឿងញៀន ហើយប្រើអំពើហិង្សាលើប្រពន្ធនិងកូន កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។
ក្រោយពីទទួលពាក្យបណ្តឹងនេះ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ាប់ និមល នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នាំយកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
លោក នួន នីណារ៉ូ បន្តថា ក្រោយការសាកសួរ និងធ្វើតេស្តទឹកនោម គឺជនសង្ស័យ ពិតជាបានប្រើប្រាស់គ្រឿងញៀន និងប្រើអំពើហិង្សាលើប្រពន្ធកូនមែន ហើយចំពោះមូលហេតុ គឺមកពីសុំលុយទៅទិញថ្នាំញៀនមិនបាន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕