ខេត្តកំពត : បុរសជនជាតិបារាំងម្នាក់ ជាម្ចាស់សេវាកម្មកម្សាន្តឧទ្យានដងព្រែក ដែលមានទីតាំងស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំមាក់ប្រាង ស្រុកទឹកឈូ បានចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ថាមិនអើពើបណ្តឹងរបស់ខ្លួន ពាក់ព័ន្ធករណីប៉ងធ្វើឃាត។ ប៉ុន្តែទាំងសមត្ថកិច្ច និងអ្នករងការចោទប្រកាន់ បានអះអាងថា រាល់ការចោទប្រកាន់របស់ជនបរទេសម្នាក់នេះ សុទ្ធតែជារឿងមិនពិត។
លោក អាឡិច ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក បានរៀបរាប់ក្នុងឃ្លីបវីដេអូ រយ:ពេលជាង ៤នាទី ដោយភ្ជាប់រូបរបស់លោក ថតជាមួយថ្នាក់ដឹកនាំមួយចំនួន ព្រមទាំងសកម្មភាពនៅកន្លែងកម្សាន្ត ក៏ដូចជារូបភាពដែលអះអាងពីភ័ស្តុតាងផ្សេងៗផងនោះ មានខ្លឹមសារថា កាលពី ៣ខែមុន លោកបានរងអំពើហិង្សាពីអ្នកជិតខាង ឈ្មោះ សេង ឃាន ជាម្ចាស់អាហារដ្ឋាន ហ៊ងឃាន ដងព្រែក។ នាព្រឹកមួយ លោកស្ថិតនៅលើដងផ្លូវតែម្នាក់ឯង ស្រាប់តែគ្នីគ្នារបស់ឈ្មោះ សេង ឃាន មានគ្នាប្រាំនាក់ បានមកស្ទាក់ផ្លូវ និងព្យាយាមសម្លាប់លោក ដោយប្រើដែកទីប។ ឃើញស្ថានភាពបែបនោះ បុគ្គលិករបស់លោក បានមកជួយអន្តរាគមន៍ ដើម្បីជម្លៀសលោកចេញ។
ជនបរទេសដដែល បន្តថា លោកបានរត់ទៅជួបសមត្ថកិច្ច ដោយប្រាប់ពីហេតុការណ៍លោក សេង ឃាន ចង់សម្លាប់លោក ហើយតម្រូវឲ្យចាកចេញពីមុខរបរ។ ប៉ុន្តែសមត្ថកិច្ច ហាក់មិនបានជួយអ្វីសោះ ហើយថែមទាំងបង្ខំឲ្យលោកដកពាក្យបណ្តឹង ក្នុងរយ:ពេលមួយម៉ោង។
លោកអាឡិច បានបញ្ជាក់ថា នាថ្ងៃបន្ទាប់ លោកបានទៅរាយការណ៍ដល់នគរបាលខេត្តកំពត ដោយមានសាក្សីក្នុងហេតុការណ៍ ពីរនាក់ អមដំណើរជាមួយ រួមទាំងវត្ថុតាងផងដែរ។ ប៉ុន្តែអ្វីដែលលោកទទួលបានការឆ្លើយតបមកវិញ គឺសមត្ថកិច្ចមិនអាចចាប់ជនសង្ស័យដែលព្យាយាមវាយសម្លាប់លោកនោះបានទេ។
បុរសជនជាតិបារាំង ដដែល បានបន្តទៀតថា ដោយសារគេស្គាល់ផ្ទះ លោកក៏បានជម្លៀស ប្រពន្ធកូនចេញ បន្ទាប់ពីចំណាយពេលអស់រយ:ពេល ប្រាំពីរឆ្នាំ ព្រោះដឹងច្បាស់ថា មិនអាចរស់នៅកម្ពុជា តទៅទៀតបាន។ ដូច្នេះលោកបានបន្តនីតិវិធីជាមួយមេធាវី ក្នុងការដាក់ពាក្យបណ្តឹង រួមទាំងវត្ថុតាង ចូលក្រសួងមហាផ្ទៃ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តកំពត បានរៀបរាប់ថា ក្នុងនាមលោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត លោកសូមបដិសេធរាល់ការចោទប្រកាន់ដែលថា នគរបាលខេត្តកំពត មិនអើពើចំពោះបណ្តឹងរបស់ជនជាតិបារាំង ខាងលើនេះ។ រាល់បទល្មើសដែលបានកើតឡើង លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ តែងណែនាំដល់កម្លាំងជំនាញ ឲ្យចុះស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត ពោលគឺលោកស្នងការ មិនបានព្រងើយកន្តើយ ឬបន្ទច់បង្អាក់សំណុំរឿងណាមួយឡើយ។
លោកវរសេនីយ៍ឯក បានបន្តថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកអាឡិច បានប្តឹង ចូលការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តកំពត ពីករណីអ្នកជិតខាង ប៉ងធ្វើឃាត។ កាលនោះ សមត្ថកិច្ចបានកោះហៅឈ្មោះ សេង ឃាន មកសាកសួរ ហើយព្យាយាមសម្របសម្រួល តែដើមបណ្តឹងមិនសះជា។ ម្ល៉ោះហើយ មន្ត្រីការិយាល័យអន្តោប្រវេសន៍ បានប្រាប់ថា ថ្ងៃស្អែក ត្រូវមកម្តងទៀត ដើម្បីសាកសួរ និងកសាងសំណុំរឿង បន្តនីតិវិធី។ ប៉ុន្តែដើមបណ្តឹង មិនបានមកតាមការសន្យាទេ គឺមកតែភាគីដែលរងការចោទប្រកាន់។
លោក លក ញ៉ាវ បានប្រាប់ឲ្យដឹងទៀតថា ស្រាប់តែថ្មីៗនេះ មានបញ្ជាពីក្រសួងមហាផ្ទៃ តម្រូវឲ្យនគរបាលខេត្តកំពត ធ្វើកិច្ចការងារដែលលោក អាឡិច ដាក់បណ្តឹងតាមរយ:មេធាវី។ យោងបទបញ្ជានោះ លោកស្នងការខេត្ត បានណែនាំឲ្យលោក ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះធ្វើកិច្ចការងារនេះជាបន្ទាន់។ បច្ចុប្បន្ន សំណុំរឿងបានប្រមូលគ្រប់ជ្រុងជ្រោយរួចរាល់ ហើយកំពុងដំណើរការតាមនីតិវិធី ដើម្បីដាក់ចូលតុលាការ។
លោកស្នងការរង បានបញ្ជាក់ថា ផ្អែកតាមការចុះស៊ើបអង្កេត រយ:ពេលពីរថ្ងៃ សមត្ថកិច្ច សន្និដ្ឋានបានថា តាមការស្រាវជ្រាវ និងពិនិត្យមើលអង្គហេតុ ឃើញថា ករណីនោះ មិនមានព្យសនកម្មដែលត្រូវចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតទេ។ រឿងដែលដើមបណ្តឹង ចោទអំពីមានការកាន់ដំបង កាន់ដែកទីបនោះ គឺជាការចង្អុលបញ្ជាឱ្យលោក អាឡិច ចាកចេញ ព្រោះការចូលរុះរើខ្សែកាប ក្នុងដីលោកសេង ឃាន មិនបានសុំការអនុញ្ញាតពីម្ចាស់ទេ។ ការចូលទៅរុះរើនោះ បានធ្វើឲ្យខូចខាតផលដំណាំម្ចាស់ដី ទើបមានការខឹងសម្បា រហូតកើតជាជម្លោះឡើង។
ចំណែកលោក សេង ឃាន និងអ្នកស្រី លឹម លីហ៊័ង បានបំភ្លឺថា រាល់ការចោទប្រកាន់របស់ ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក មកលើពួកគាត់ ជារឿងមិនពិតទាល់តែសោះ។ កន្លងមក លោកអាឡិច តែងរកលេសរំខានការរកស៊ីរបស់ពួកគាត់ មិនលស់ពេលទេ។ កន្លែងរកស៊ី គឺជួលដីពីគេដូចគ្នា គឺលោកអាឡិច នៅកណ្តាល ឯពួកគាត់ នៅអមសងខាង។ ជនបរទេសម្នាក់នោះ តែងដាក់របស់របរបាំងផ្លូវ មិនឲ្យភ្ញៀវចេញចូលកន្លែងពួកគាត់បានងាយស្រួលឡើយ។ ពេលខ្លះ កើតជម្លោះរហូតដល់លោកមេឃុំ បានសម្របសម្រួលច្រើនលើកមកហើយ។
ប្តីប្រពន្ធទាំងពីរនាក់ បានបន្តថា ខ្សែរ៉កសម្រាប់ភ្ញៀវជិះកម្សាន្តឆ្លងព្រែកនោះ គឺលោក អាឡិច បានជីកកប់ខ្សែកាបក្នុងដីរបស់ពួកគាត់ ដើម្បីទាក់ទប់ដើមឈើចងខ្សែរ៉ក ឲ្យរឹងមាំ។ លុះអំឡុងខែមីនា ឆ្នាំ២០២២ លោកអាឡិច បាននាំគ្នាសម្រុកចូលទៅរុះរើខ្សែកាប ដោយមិនបានសុំការអនុញ្ញាត ថែមទាំងធ្វើឲ្យបាក់មែក និងជ្រុះទុរេន អស់ជាច្រើនផ្លែ ទើបកើតជម្លោះនោះឡើង។
ទាំងពីរនាក់ប្តីប្រពន្ធ បានបញ្ជាក់ថា ព្រោះតែរឿងនោះ ម្ចាស់រមណីយដ្ឋានឧទ្យានដងព្រែក បានប្តឹងចូលជាច្រើនកន្លែង ដូចជា នគរបាលខេត្ត ប៉េអឹមខេត្ត នាយកដ្ឋានក្រសួងមហាផ្ទៃ ជាដើម។ ប៉ុន្តែរាល់ការកោះហៅ ដែលពួកលោកបានចូលទៅបំភ្លឺ ខាងលោកអាឡិច ព្យាយាមគេចវេះ មិនចូលដោះស្រាយគ្រប់កន្លែងទាំងអស់។
លោក សេង ឃាន និងអ្នកស្រី លឹម លីហ៊័ង បានបន្តថា ថ្មីៗនេះ លោកអាឡិច បានបង្ហោះ សារចោទប្រកាន់ក្រុមគ្រួសារលោកទាំងបំពាន។ ដូច្នេះសូមឲ្យស្ថាប័នមានសមត្ថកិច្ច ជួយរកយុត្តិធម៌ សម្រាប់ក្រុមគ្រួសារពួកគាត់ផង ព្រោះក្រុមគ្រួសារពួកគាត់បានអត់ធ្មត់ជាយូរមកហើយ៕