ខេត្តតាកែវ ៖ ករណីពាលស៊ីពាលមួយ បានឈានដល់ការកាប់សម្លាប់គ្នាស្លាប់ ហើយជនសង្ស័យ ត្រូវបានកម្លាំងនគរបាលក្រុងដូនកែវ ចាប់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពទាញពូថៅកាប់ទៅលើជនរងគ្រោះ ដែលដកកាំភ្លើងភ្ជង់ខ្លួន បណ្តាលឲ្យស្លាប់នៅនឹងកន្លែងដោយសាការរកស៊ីជួញដូរវត្ថុបុរាណ មានការក្បត់គ្នា។
ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២២ នៅភូមិសូចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
លោកវរសេនីយ៍ត្រី សាន្ត សុផល មេប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាក្រៅ ក្រុងដូនកែវ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន មានឈ្មោះទឹម វិបុល ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។ ចំណែកជនរងគ្រោះដែលស្លាប់ រហូតមកដល់រសៀលថ្ងៃទី១៦ កក្កដា ឆ្នាំ២០២២ នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។
លោកមេប៉ុស្តិ៍ បន្តថា ករណីដែលឈានដល់ការសម្លាប់គ្នានេះ គឺពាក់ព័ន្ធនឹងការរកស៊ីជួញដូរវត្ថុបុរាណជាមួយគ្នា ហើយជនរងគ្រោះ មកពីខេត្តឆ្ងាយ ដោយមានកាំភ្លើងអាការបត់ ១ដើម មកជាមួយផងដែរ ដើម្បីគំរាមបាញ់សម្លាប់ជនសង្ស័យ ដល់ផ្ទះតែម្តង នាយប់ថ្ងៃកើតហេតុនោះ ។
លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់រកាក្រៅ បន្តទៀតថា ជនសង្ស័យដែលត្រូវចាប់ខ្លួន បានសារភាពថា ពេលនោះជនរងគ្រោះ បានដកកាំភ្លើងភ្ជង់រូបគេ ទើបរូបគេបានទាញពូថៅដែលនៅក្បែរដៃ កាប់ក្បាលជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។
ជនសង្ស័យ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា «នៅពេលវាមកដល់ផ្ទះខ្ញុំ វា (ជនរងគ្រោះ) បានយកកាំភ្លើងភ្ជង់គំរាមមុន ។ ពេលនោះ ខ្ញុំក៏បានលូកយកពូថៅ លើក្បាលដំណេក កាប់ក្បាលវា (ជនរងគ្រោះ) ចំនួន២ពូថៅ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងផ្ទះរបស់ខ្ញុំ ហើយអូសសពយកទៅប្លុងចោលនៅស្រះទឹក មួយកន្លែង ដែលមានចម្ងាយប្រហែលជា ៣០០ម៉ែត្រ ពីផ្ទះ ។ ខ្ញុំបានស្គាល់វា (ជនរងគ្រោះ) មានលំនៅឯខេត្តរតនគិរី ដោយបានរកស៊ីជូញដូរវត្ថុបុរាណ ជាមួយគ្នាយូរហើយដែរ ទើបតែពេលនេះ ខ្ញុំគិតថា ឈប់រកស៊ីរបរនេះទៀត ទើបវាបានមកដល់ផ្ទះ គំរាមបាញ់សម្លាប់ខ្ញុំចោល គ្រានោះ បើខ្ញុំមិនកាប់សម្លាប់វាមុនទេ គឺវាពិតជាបាញ់ខ្ញុំចោលហើយ» ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕