ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ មិនដឹងជាទើបនឹងចេញមកពីផឹកស៊ីនៅឯណា និងមានកំហឹង ឬជម្លោះជាមួយអ្នកណា ស្រាប់តែជិះម៉ូតូដឹកគ្នាមកដល់កន្លែងស្ងាត់ ក៏ដកកាំភ្លើងមិនស្គាល់ម៉ាក បាញ់មេឃ ចំនួន២គ្រាប់ រួចក៏ប្រញាប់ប្រញាល់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ លុះសមត្ថកិច្ចចុះទៅដល់ បានត្រឹមរើសសំបកការ៍ទូស មករក្សាទុកប៉ុណ្ណោះ។
ករណីខ្មាន់កាំភ្លើងបាញ់បោះសេរីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានបឹងតាម៉ាត ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មិនស្គាល់ម៉ាក ប្រភេទអូតូ ដោយមិនដឹងធ្វើដំណើរ ឬចេញមកពីផឹកស៊ីនៅឯណានោះទេ ស្រាប់តែពេលជិះម៉ូតូដឹកគ្នាមកដល់ចំណុចកើតហេតុខាងលើ ក៏បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់២គ្រាប់ តែផ្ទុះ ១គ្រាប់ និង១គ្រាប់ទៀតមិនផ្ទុះ ធ្លាក់លើដី រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយបានពិនិត្យកន្លែងកើតហេតុ រួចប្រមូលយកសំបកគ្រាប់ ទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕