ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់ទ្រព្យកាបូបប្រជាពលរដ្ឋ ជាបន្តបន្ទាប់ យ៉ាងសកម្ម នៅលើដងផ្លូវសាធារណៈ កក្រើកក្រុងពោធិ៍សាត់។
លោកកែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន មានឈ្មោះរ៉ាយ រតនា ហៅដូង ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ។
លោកអធិការ បញ្ជាក់ថា ជននេះគឺជាមុខសញ្ញាទើបនឹងចេញពីពន្ធនាគារបានរយៈពេលជិត ១ឆ្នាំតែប៉ុណ្ណោះ ដោយជាប់ពាក់ព័ន្ធអំពើចោរកម្ម (លួចម៉ូតូ) លុះចេញមកមានសេរីភាពវិញ បែរជាធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូប នៅតាមផ្លូវសាធារណៈ ចំនួន ៤ករណី ជាបន្តបន្ទាប់ ក្នុងក្រុងពោធិ៍សាត់ និងនៅតាមបណ្តាស្រុកមួយចំនួន ក៏ជននេះធ្លាប់ធ្វើសកម្មភាពដែរ ប៉ុន្តែសមត្ថកិច្ចព្យាយាមតាមចាប់មិនបាន។
លោកអធិការ បានបន្ថែមថា ក្រោយពីកម្លាំងនគរបាលស្រុកក្រគរ សហការជាមួយនឹងកម្លាំងនគរបាលក្រុងពោធិ៍សាត់ ធ្វើការតាមជំនាញ យ៉ាងយកចិត្តទុកដាក់រួចមក ទើបកំណត់មុខសញ្ញា និងឈានដល់ចាប់ខ្លួនបានជនសង្ស័យ ក្នុងក្រុងពោធិ៍សាត់ កាលពីវេលាម៉ោង ១០និង១០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ រួមនិងវត្ថុតាង ម៉ូតូ ១គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបលុយប្រជាពលរដ្ឋ ជាច្រើនលើកច្រើនសា ប្រាកដមែន។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕