ភ្នំពេញ ៖ បុរសជាកម្មករសំណង់ ២នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏នាំគ្នាដើរទៅសុំមេជាង ដើម្បីបើកលុយ បំណងទៅលេងស្រុក លុះទៅដល់ មេជាងប្រាប់ថា អត់ទាន់មានលុយបើកឱ្យទេ ចាំស្អែកទៅ ស្រាប់តែកូនជាងទាំង២នាក់ដែលកំពុងស្រវឹងជោក ក៏ប្រើសម្តីតូចធំ បង្កជម្លោះ ជាហេតុធ្វើឱ្យក្រុមមេជាង មានគ្នា៤នាក់ ផ្ទុះកំហឹង ទាញដំបងឈើជ្រុង សំពងកូនជាងទាំង២នាក់ បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួន រួចនាំគ្នារត់បាត់អស់។
ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចការដ្ឋានសំណង់មួយកន្លែង តាមផ្លូវបេតុង កែងនឹងផ្លូវណតប៊្រីដ ច្រកចូលសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ជនរងគ្រោះទាំង២នាក់ ដែលត្រូវមេជាងវាយបែកក្បាលនោះ ទី១-ឈ្មោះអន មករា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងទី២-ឈ្មោះឈុន រាជ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើការសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសបែកមុខបែកមាត់ បែកក្បាល ហូរឈាមស្រោចខ្លួនទាំងពីរនាក់។ ចំណែកភាគីម្ខាងទៀត មានគ្នា៤នាក់ ក្នុងនោះមានម្នាក់ជាមេជាង ឈ្មោះសិញ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេជាងសំណង់ រស់នៅខេត្តព្រៃវែង និងបក្ខពួកបីនាក់ទៀត មិនស្គាល់អត្តសញ្ញាណ បាននាំគ្នារត់បាត់អស់។
តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា ពួកគាត់ទាំង២នាក់ បានមកធ្វើការនៅកន្លែងកើតហេតុនេះ បានចំនួន ១ខែកន្លះ បើកលុយបាន ២ដង ក្នុងកន្លះខែ បើក១ដង ហើយដល់ថ្ងៃកើតហេតុ គឺរូបគាត់ទាំង២នាក់ ដល់ថ្ងៃបើកលុយ ក៏ដើរទៅសុំមេជាងបើកលុយ ដើម្បីធ្វើ ដំណើរទៅស្រុក តែមេជាងបានប្រាប់ថា មិនទាន់មានលុយបើកឱ្យទេ ចាំស្អែកទៅ គួបផ្សំដោយសារពួកគាត់ទាំង២ ផឹកស្រាស្រវឹងផង ទើបប្រើសម្តីធំតូច ប្រកែកគ្នាទៅវិញទៅមកជាមួយួមេជាង ស្រាប់តែមេជាង មានគ្នា៤នាក់ ខឹងសម្បា ក៏យកដំបងឈើជ្រុង វ៉ៃមកលើពួកគាត់ ទាំង២ ហើយខ្លះទៀតយកដុំឥដ្ឋ វ៉ៃទៅលើពួកគាត់ បណ្តាលឱ្យបែកមុខបែកមាត់ បែកក្បាល។ ក្រោយពីប្រជាពលរដ្ឋផ្អើលហើយស្រែក ទើបក្រុមមេជាង បាននាំគ្នារត់គេចចេញពីកន្លែងកើតហេតុបាត់អស់ បន្សល់ទុកតែស្បែកជើង ដុំឥដ្ឋ និងឈើជ្រុង នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានទាក់ទងទៅសមត្ថកិច្ច ចុះមកដល់កន្លែងកើត ហើយបានពិនិត្យនិងថតរូបភាពជនរងគ្រោះ ឱ្យជនរងគ្រោះទៅមន្ទីរពេទ្យ ហើយនឹងមកដាក់ពាក្យបណ្តឹងនៅពេលក្រោយ៕