Tuesday, November 26, 2024
Homeព័ត៌មានជាតិកូនស្រីចាក់បងស្លាប់ ម៉ែកប់សពបំបាត់ភ័ស្តុតាង គាស់សពពិនិត្យ ឃើញស្នាមចាក់ ៧កាំបិត

កូនស្រីចាក់បងស្លាប់ ម៉ែកប់សពបំបាត់ភ័ស្តុតាង គាស់សពពិនិត្យ ឃើញស្នាមចាក់ ៧កាំបិត

ភ្នំពេញ ៖ លទ្ធផលនៃការពិនិត្យសាកសពបុរសខ្មែរអ៊ិស្លាមម្នាក់ ដែលត្រូវបានក្រុមសមត្ថកិច្ចជំនាញ ធ្វើការគាស់សពចេញពីផ្នូរ ទាំងមេឃកំពុងធ្លាក់ភ្លៀង ដើម្បីយកមកពិនិត្យ ដោយសង្ស័យជាករណីឃាតកម្ម ប្អូនស្រីចាក់សម្លាប់បងប្រុសបង្កើតខ្លួនឯងនោះ បានលាតត្រដាងបង្ហាញការពិតច្បាស់ហើយ ដោយសមត្ថកិច្ចជំនាញ បានរកឃើញមានស្លាកស្នាមចាក់ ចំនួន ៧កាំបិត នៅលើដងខ្លួនសាកសព ដែលបញ្ជាក់ថា សាកសពពិតជាស្លាប់ក្រោមស្នាដៃប្អូនស្រី ចាក់ ៧កាំបិត ប្រាកដមែន ពោលគឺមិនមែនស្លាប់ដោយសារជំងឺប្រចាំកាយ ដូចការអះអាងបិទបាំងការពិត របស់ស្ត្រីជាម្តាយនោះឡើយ។

ប្រតិបត្តិការគាស់ផ្នូរ យកសាកសពមកពិនិត្យនិងធ្វើកោសល្យវិច័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទី រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចដីសហគមន៍ខ្មែរ-អ៊ិស្លាម មួយកន្លែង (ទីតាំងបញ្ចុះសព) ស្ថិតនៅភូមិច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

សាកសពជនរងគ្រោះ ដែលត្រូវបានសង្ស័យថា ត្រូវប្អូនស្រីបង្កើតរបស់ខ្លួនចាក់សម្លាប់ រហូតត្រូវសមត្ថកិច្ចជំនាញ សម្រេចគាស់យកមកពិនិត្យនោះ មានឈ្មោះឡោះ សុខគ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរលាងម៉ូតូ មានលំនៅ ផ្ទះលេខ ១៣៩៥ តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ចំណែកប្អូនស្រីដែលសង្ស័យចាក់សម្លាប់បងប្រុសបង្កើត និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ឡោះ ហាលីម៉ាស់ អាយុ៣៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនៅផ្ទះ មានជំងឺសរសៃប្រសាទ ប្រចាំកាយ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមប្រភពព័តមានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះមួយកន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានករណីបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា បណ្តាលឱ្យបុរសម្នាក់ មានរបួស និងត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជំងឺរបួសធ្ងន់ ទើបស្លាប់នៅមន្ទីរពេទ្យ។ លុះដល់ម៉ោង ១០យប់ ថ្ងៃដដែល សាកសពត្រូវបានបញ្ជូនមកផ្ទះកើតហេតុវិញ រហូតដល់ម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានទទួលដំណឹងនេះ រួចទៅធ្វើការសាកសួរនៅឯផ្ទះកើតហេតុតែម្តង។

តាមប្រភពពីសមត្ថកិច្ខ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ស្ត្រីជាម្តាយឈ្មោះម៉ើ ហ្វាល់ អាយុ ៧២ឆ្នាំ បានអះអាងថា កូនប្រុសរបស់គាត់ មានឈ្មោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ បានទទួលមរណភាព ដោយសារជំងឺសួតរ៉ាំរ៉ៃ រយៈពេល ១០ឆ្នាំ មកហើយ។ បន្ទាប់មក ស្ត្រីជាម្តាយ បានព្យាយាមលាក់បាំងការពិត ដោយបានធ្វើលិខិតគោរពចូលទៅអនាម័យខណ្ឌឫស្សីកែវ ដើម្បីសុំបញ្ចុះសព ដោយអះអាងថា កូនប្រុសរបស់ខ្លួន បានស្លាប់ដោយសារតែជំងឺសួត រយៈពេល១០ឆ្នាំមកហើយ។ ប៉ុន្តែក្រោយមក ក៏ផ្ទុះការសង្ស័យថា ករណីខាងលើ អាចជាករណីឃាតកម្ម ដោយប្អូនស្រី ឈ្លោះនឹងបងប្រុសរបស់ខ្លួន រួចទាញវត្ថុមុតស្រួច ចាក់ទៅលើជនរងគ្រោះ រហូតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ ហើយក្រោយមកក៏បានស្លាប់។ ការសង្ស័យនេះ បានភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ដោយសារក្រុមគ្រួសារសព បានយកសពទៅបញ្ចុះ ដោយគ្មានលិខិតស្នាមដឹងឮដល់សមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនស្ត្រីជាប្អូនស្រីសព បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងឈានទៅដល់ការគាស់សាកសព យកមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យទៀតផង។

ក្រោយពេលគាស់សាកសពមកពិនិត្យទាំងភ្លៀងរួចមក សមត្ថកិច្ចជំនាញ បានរកឃើញថា សាកសព មានស្លាកស្នាមរបួសចំនួន ៧កន្លែង មានន័យថា រងការចាក់ប្រហារចំនួន ៧កាំបិត។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ប្រាប់ពីដំណើររឿងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកថ្នាំសរសៃប្រសាទ ឱ្យប្អូនស្រីបង្កើតលេប តែប្អូនស្រី មិនព្រមលេប ហើយមានការទាស់ពាក្យសម្តីគ្នាជាមួយបងប្រុស ខណៈពេលនោះ ប្អូនស្រីដែលជាជនសង្ស័យខឹង ក៏បានយកកូនកាំបិតចុងស្រួច នៅក្នុងផ្ទះ ចាក់ទៅលើបងប្រុសដែលជាជនរងគ្រោះ ចំនួន ៧កាំបិត ចំខ្នង បណ្តាលឱ្យរបួសធ្ងន់ ហើយក៏ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះបន្ទាន់។ រហូតដល់វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត តែម្តង។ ក្រោយមក ក្រុមគ្រួសារជនរងគ្រោះ បានដឹកសពជនរងគ្រោះ ត្រឡប់ពីមន្ទីរពេទ្យ មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា និងកប់សពភ្លាមៗតែម្តង ដោយមិនបានរាយការណ៍មកសមត្ថកិច្ចនោះទេ។

លោកអធិការ បន្តថា រហូតមកដល់វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ទើបលោកបានទទួលព័ត៌មានខាងលើនេះ ក៏បានចាត់ឱ្យកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ធ្វើការឃាត់ខ្លួនប្អូនស្រីបង្កើត ដែលជាជនដៃដល់ខាងលើ មកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ របស់ការិយាល័យនគរបាលបច្ចេកទេសនិងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកចៅសង្កាត់ច្រាំងចំរេះ២ និងលោកមេភូមិឃ បានសម្រេចគាស់ផ្នូរ យកសាកសពបុរសខាងលើ មកធ្វើកោសល្យវិច័យឡើងវិញផងដែរ។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានគាស់យកសាកសព មកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចមក បានបញ្ជាក់ថា សាកសពបុរសខាងលើនេះ ត្រូវបានចាក់ដោយកូនកាំបិតចុងស្រួច ដែលមានប្រវែង ២២សង់ទីម៉ែត្រ នៅខាងក្រោយខ្នង ចំនួន៧កាំបិត។

ស្ត្រីសង្ស័យដែលចាក់បងប្រុសខ្លួនឯងស្លាប់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES